ចេះតែ​មាន​អារម្មណ៍​ហើម​ភ្នែក តើមាន​ដឹង​ថា​មក​ពីហេតុ​អី្វ​ដែរ​ទេ? (ក្រៅពីគេងមិនគ្រប់)

(សុខភាព)៖ អ្នកប្រហែលជាធ្លាប់ដឹងហើយថា ការគេងយប់ឡើងមិនបានគ្រប់ សុទ្ធតែអាចបណ្តាលឲ្យភ្នែកទៅ ជាហើមនៅព្រឹកឡើងបាន។ ប៉ុន្តែតើអ្នកមានដឹងទេថា ក្រៅពីគេងមិនគ្រប់ ក៏មានកត្តាច្រើនទៀតដែលនាំ ឲ្យភ្នែកហើមបានដែរ។

• អាឡែហ្ស៊ី
ការហើមភ្នែកក៏អាចជាអាការៈមួយដ៏ញឹកញាប់នៃអាការៈអាឡែហ្ស៊ី។ រឿងផ្សេងៗដូចជា ការគេងនៅលើខ្នើង ដែលមានធូលីច្រើន ភួយចាស់ៗ និងដុះផ្សិត សុទ្ធតែជារបស់ដែលអាចបណ្តាលឲ្យមានប្រតិកម្មអាឡែហ្ស៊ី និងបង្កជាការហើមភ្នែកបានទាំងអស់។

• ក្តៅ
ការអង្គុយនៅក្នុងបន្ទប់ដែលមានអាកាសធាតុក្តៅៗអាចធ្វើឲ្យភ្នែកស្ងួត និងងាយនឹងរលាកជាងធម្មតាណាស់។ នេះដោយសារតែកម្តៅអាចធ្វើឲ្យភ្នាសមានទឹករំអិលស្ងួត ជាពិសេសនៅជុំវិញភ្នែក ដែលជាហេតុនាំឲ្យភ្នែកទៅ ជារលាក និងហើមបាន។

• ការមករដូវ
អ្នកអាចបន្ទោសការហើមភ្នែកនេះដោយសារតែការមករដូវបាន។ ធម្មតាភ្នែករបស់យើងនឹងទាញជាតិទឹកច្រើន ក្នុងពេមករដូវប្រចាំខែ ហើយក៏ក្លាយទៅជាហើមតែម្តងទៅ។ វាមិនខុសគ្នានឹងការហើមពោះក្នុងពេលមករដូវទេ។

• គ្រឿងស្រវឹង
គ្រឿងស្រវឹងមិនគ្រាន់តែអាចបង្កឲ្យរាងកាយខ្សោះជាតិទឹកទេ តែក៏បណ្តាលឲ្យភ្នែកស្ងួត និងហើមបានដែរ។ មនុស្សភាគច្រើនមាននិន្នាការញ៉ាំអាហារមានជាតិប្រៃច្រើនជាមួយគ្រឿងស្រវឹង ដូច្នេះវាអាចនឹងទាញទឹក ចូលទៅក្នុងតំបន់ភ្នែកបានដែរ។

• កង្វះអ័រម៉ូនទីរ៉ូអ៊ីត
ការហើមភ្នែកអាចជាផលរំខានមួយនៃជំងឺកង្វះអ័រម៉ូនទីរ៉ូអ៊ីតដែរ។ បើសិនជាអ្នកមានជំងឺនេះមែន អ្នកពិតជាអាច មើលឃើញភាពក្រាសនៃខ្លាញ់នៅជុំវិញភ្នែកដែលជាហេតុនាំឲ្យហើមភ្នែក។

• ការយំ
រឿងនេះនរណាក៏ដឹងដែរ ដែលថាការយំបណ្តាលឲ្យហើមភ្នែកបាន។ វាគឺជាការផលិតនៃក្រពេញទឹកភ្នែគ ក្នុងភ្នែក ហើយកាលណាការផលិតរបស់វាច្រើនជ្រុល វាអាចបណ្តាលឲ្យជាលិកាជុំវិញភ្នែកទៅជាប៉ោងបាន៕

You might also like More from author