បបូរ​មាត់​ស្អាត គឺ​ជា​ភាព​ទាក់​ទាញ​របស់​មនុស្ស​គ្រប់គ្នា

(សុខភាព)៖ ប្រសិនបើអ្នកចង់មានស្នាមញញឹមដ៏ស្រស់ស្អាតនឹងជាទីពេញចិត្ត ក៏ប៉ុន្តែអ្នកមានឧបសគ្គត្រង់រូបរាងមាត់មិនស្អាតដូចអ្នកដទៃនោះ អ្នកមិនត្រូវតូចចិត្តនោះឡើយ ព្រោះថា រង្វង់មាត់ដែលមានបញ្ហារបស់អ្នកនឹងអាចកែខៃឲ្យស្រស់ស្អាតបាន ប្រសិនបើអ្នកអនុវត្តន៏តាមការណែនាំទាំង៥ចំនុចដូចខាងក្រោម៖

បបូរមាត់ស្តើង
អ្នកត្រូវកែប្រែបបូរមាត់របស់អ្នកដោយការប្រើខ្មៅគូសបបូរមាត់ គូសឲ្យលើសបបូរមាត់ពិតបន្តិច ហើយអ្នកត្រូវលាបក្រេមពណ៌ខ្ចី ដូចជាពណ៌ផ្កាឈូកខ្ចី ហើយត្រូវយកក្រេមពណ៌ផ្លែប៉ែស (រាងក្រហម) មកលាបពីលើម្តងទៀត ព្រោះវានឹងជួយឲ្យបបូរមាត់របស់អ្នកមើលទៅមិនសូវស្តើង ហើយមានភាពស្រស់ស្អាត។ មួយវិញទៀតអ្នកគួរចៀសវាងលាបក្រេមពណ៌ចាស់ៗ ព្រោះវានឹងធ្វើឲ្យបបូរមាត់របស់អ្នកមើលទៅកាន់តែស្តើងជាងមុន។

បបូរមាត់ក្រាស់
អ្នកអាចកាត់បន្ថយភាពក្រាស់បាន ដោយការគូររូបមាត់ឲ្យជិតខ្សែខាងក្នុងរបស់បបូរមាត់ពិត ដើម្បីឲ្យមើលទៅមិនសូវក្រាស់ ហើយអ្នកត្រូវលាបក្រេមបបូរមាត់ផ្នែកកណ្តាល មិនឆើត ឬមិនចាស់ពេក។ អ្នកគួរចៀសវាងការប្រើប្រាស់ក្រេមប្រភេទណាដែលជារលោង ឬផ្លេកៗខ្លាំងពេក ព្រោះវានឹងធ្វើឲ្យមាត់របស់អ្នកក្រាស់ជាមុន។

បបូរមាត់ធ្លាក់
អ្នកដែលមានបបូរមាត់ធ្លាក់យារចុះក្រោម ត្រូវគូសបបូរមាត់ខាងក្រោមឲ្យវែងៗឡើង លើសពីរង្វះមាត់បន្តិច រូចអ្នកត្រូវគូសបបូរមាត់ខាងលើឲ្យចុងខ្សែជិតគ្នា។ បន្ទាប់ពីនោះ អ្នកត្រូវលាបក្រេម១ជាន់ទៀត។

បបូរមាត់ត្រង់
មាត់ប្រភេទនេះគឺជាមាត់ដែលមានផ្នែកខាងលើជាខ្សែត្រង់ ដូចនេះអ្នកត្រូងគូសជាស្នាមកោងឡើងទៅលើ ដោយប្រើខ្មៅដៃគូសជារាងអក្សរ V លើបបូរមាត់ បរិវេណក្រោមច្រមុះជាមុន ទើបគូសបបូរមាត់និងលាបក្រេមបបូរមាត់តាមធម្មតា។

បបូរមាត់ស្រគាំ
អ្នកដែលមានបបូរមាត់ស្រគាំ ត្រូវលាបម្ស៉ៅហុយ ឲ្យសព្វលើរង្វង់មាត់ មុននឹងលាបក្រែមបបូរមាត់ ព្រោះវានឹងជួយឲ្យក្រែមលាបបបូរមាត់ជាប់បានយូរ ព្រមទាំងមានពណ៌រំលេចស្រស់ស្អាតជានិច្ច៕

You might also like More from author