ការងារ​ផ្ទះ​កាត់​បន្ថយ​មហារីក​សុដន់

(សុខភាព)៖ យោងតាមការសិក្សាថ្មីមួយបានឲ្យដឹងថា ស្ត្រីដែលហាត់ប្រាណ តាមរយៈការធ្វើការងារផ្ទះសម្បែង អាចកាត់បន្ថយការ​ប្រឈមមុខនឹងជម្ងឺមហារីកសុដន។ ការស្រាវជ្រាវដែលធ្វើលើស្រ្តីជាង ២០០.០០០នាក់ មកពីប្រទេសអ៊ឺរ៉ុបបានរកឃើញថា ការធ្វើការងារផ្ទះសម្បែងមានប្រយោជន៍ ការពារជម្ងឺមហារីកច្រើនជាងការលេងកីឡាទៅទៀត។ ការបោសជូតផ្ទះ ការបោកសំលៀកបំពាក់ និងការបូមធូលីក៏មានប្រយោជន៍ ប្រសើរជាងការហាត់ប្រាណដែរ។

ស្ត្រីស្ថិតនៅក្នុងការសិក្សាដែលផ្តល់មូលនិធិដោយមជ្ឈមណ្ឌលស្រាវជ្រាវជម្ងឺមហារីកអង់គ្លេស បានចំណាយពេលជាមធ្យម ១៦ – ១៧ម៉ោង ក្នុង ១អាទិត្យ ដើម្បីធ្វើម្ហូបអាហារ បោសជូតសម្អាតផ្ទះ និងបោកគក់សំលៀកបំពាក់។ អ្នកជំនាញបានដឹងជាយូរណាស់ មកហើយថា ការហាត់ប្រាណអាចកាត់បន្ថយការប្រឈមមុខនឹងជម្ងឺមហារីកសុដន់ ដែលប្រហែលជាតាមរយៈការបំរែបំរួលអ័រម៉ូន និងមេតានប៉ូលីសរាងកាយ។ប៉ុន្តែវាមិនសូវច្បាស់លាស់ថា តើការហាត់ប្រាណបែបណា និងនៅកម្រិតប៉ុណ្ណា ដែលជាការចាំបាច់ក្នុងការកាត់បន្ថយការប្រឈមមុខនេះ ម៉្យាងទៀតការស្រាវជ្រាវពីមុនៗបានផ្តោតទៅលើទំនាក់ទំនងរវាងការហាត់ប្រាណ និង ជម្ងឺមហារីកសុដន់នៅលើស្ត្រី ក្រោយដល់អាយុអស់រដូវប៉ុណ្ណោះ។

ការសិក្សាថ្មីៗបំផុតនេះបានផ្តោតទៅលើស្ត្រីទាំងអ្នកមុន និងទាំងអ្នកអស់រដូវ និងអ្នកក្រោយអាយុអស់រដូវ ព្រមទាំងសកម្មភាពមួយចំនួន ដូចជាការបំពេញការងារ សកម្មភាពពេលកំសាន្ត និងការងារផ្ទះសម្បែង។ ការសិក្សានេះមានរយៈពេលជាមធ្យម ៦.៤ឆ្នាំ ដែលក្នុងនោះមានការកើតជម្ងឺមហារីកសុដន់ ៣.៤២៣ករណី។អ្នកស្រាវជ្រាវអន្តរជាតិបានអះអាងថា លទ្ធផលនេះបានបញ្ជាក់ថា ទម្រង់នៃសកម្មភាព រាងកាយក្នុងកម្រិតមធ្យម ដូចជាការងារផ្ទះសម្បែង អាចផ្តល់ប្រយោជន៍ច្រើន ជាងសកម្មភាពរាងកាយខ្លាំងក្លា តែមិនជាប់ដូចការហាត់ប្រាណ នៅក្នុងការកាត់បន្ថយការប្រឈមមុខនឹងមហារីក។

វេជ្ជបណ្ឌិត លេសលី វ៉លឃើរ មកពីមជ្ឈមណ្ឌលស្រាវជ្រាវជម្ងឺមហារីកពីអង់គ្លេស បានឲ្យដឹងថា យើងបានដឹងរួចជាស្រេចហើយថា ស្រ្តីដែលរក្សាទម្ងន់ ដែលមានសុខភាពល្អ មិនសូវជាប្រឈមមុខនឹងការកើតជម្ងឺមហារីកសុដន់ទេ។
ការសិក្សានេះបង្ហាញឲ្យឃើញថា ភាពសកម្មនៃរាងកាយអាចជួយផងដែរ ក្នុងការកាត់បន្ថយការប្រឈមមុខ ហើយនឹងថាអ្វីដែលសាមញ្ញ ហើយថោក ដូចជាការបំពេញ ការងារផ្ទះសម្បែងក៏អាចផ្តល់ប្រយោជន៍ផងដែរ៕

You might also like More from author