ព្យាបាលជម្ងឺដោយអាហារ

(សុខភាព)៖ អាការជម្ងឺមួយចំនួនរបស់អ្នក អាចកែខៃបានដោយអាហារ មួយចំនួនធ្វើឲ្យអាការមានភាពធូរស្បើយ ដោយមិនចាំបាច់ពឹងពាក់លើថ្នាំពេទ្យទាំងស្រុងពេកទេ។

1) អាការអស់កម្លាំង៖
ភាគច្រើនបណ្តាលមកពីខ្វះជាតិដែក ជាពិសេសស្ត្រីទើបនឹង​ផុតរយៈពេលមានរដូវថ្មីៗ។ អាហារដែលអាចជួយអ្នកបានគឺ បាយអង្ករសំរូប នំបុ័ងអូវីត ផាស្តា សណ្តែក បន្លែពណ៌បៃតង ក្រូចឪឡឹក ស្ត្រប៊ឺរី ទទួលទានបាន​ក្នុងបរិមាណច្រើនកាន់តែល្អ ព្រោះអាហារទាំងនេះពុំធ្វើឲ្យធាត់នោះទេ។

2) ស្នាមជ្រីវជ្រួញ ឬ ស្នាមអុជខ្មៅ៖
ទោះមិនបានចេញទៅហាលថ្ងៃ ប៉ុន្តែការដែលអ្នកអង្គុយមុខកុំព្យូទ័ររាល់ថ្ងៃ ក៏គេចមិនផុតពីស្នាមជ្រាវជ្រួញក្រោមភ្នែក និងស្នាមអុជខ្មៅដែរ ព្រោះកាំរស្មីកុំព្យូទ័រក៏មានឥទ្ធិពលបំផ្លាញស្បែកមិនចាញ់កាំរស្មីយូវី ពីព្រះអាទិត្យប៉ុន្មានដែរ។ អាហារដែលអ្នកត្រូវទទួលទានឲ្យបានច្រើន គឺអាហារមានសារធាតុប្រឆាំង​នឹងរ៉ាឌីកាល់សេរីដូចជា បន្លែ និងផ្លែឈើពណ៌ស្រស់ ត្រីធូណា និងទទួលទានទឹកឲ្យបានច្រើន ដើម្បីជម្រះសារធាតុពុលចេញពីរាងកាយ នឹងជួយឲ្យស្បែកក្មេងជាងវ័យ។

3) ទល់លាមក៖
ការទល់លាមកនឹងធ្វើឲ្យសារធាតុពុកល ត្រូវកកផ្តុំនៅក្នុងពោះវៀន ធ្វើឲ្យប៉ះពាល់​ដល់ប្រព័ន្ធផ្សេងៗក្នុងរាងកាយ។ ប៉ុន្តែអាការនេះមិនពិបាកកែនោះទេ គ្រាន់តែទទួលទានទឹក១កែវធំ លើសពី២លីត្រក្នុងមួយថ្ងៃ និងទទួលទានអាហារដែលមានកាកសរសៃខ្ពស់ ដូចជាផ្លែគីវី ក្រូច ខាត់ណា ផ្លែព្រូន គ្រាប់ជីក៏នឹងធ្វើឲ្យងាយស្រួលបន្ទោរបង់។

4) ជម្ងឺប្រកាំង៖
ជម្ងឺប្រកាំង (ឈឺមួយចំហៀងក្បាល) បណ្តាលមកពីសរសៃឈាមរួញ ឬពង្រីករហ័សពេក ប៉ុន្តែបើអ្នកឧស្សាហ៍បំប៉នសរសៃឈាមឲ្យរឹងមាំ ដោយត្រីប្លាធូ ឬត្រីសមុទ្រ ដែលមានជាំតិអូមេហ្គា៣ ច្រើន អាការឈឺក្បាល ប្រកាំងនឹងមិនកើតឡើងឡើយ។ ទន្ទឹមនឹងនោះត្រូវបន្ថយអាហារ​ដែលជំរុញជម្ងឺប្រកាំងដូចជា ថ្លើមមាន់ ប័រ គ្រឿងស្រវឹង ទឹកដោះគោ សូកូឡា ចេកអំបូង ប៊ីចេង ក្រូច ក្រូចឆ្មា តែ និងកាហ្វេ ទោះបីទាំងនោះជារបស់ដែលអ្នកចូលចិត្តបំផុតក្តី។

5) ការប្រែប្រួលរាងកាយមុនរដូវ៖
ទោះបីអាការផ្លូវកាយ ដូចជា ហើមតាមខ្លួន ហើមពោះ កើតមុន ឃ្លានអាហារ​រសជាតិខ្លាំង ឬអាការឆាប់ខឹងឆេវឆាវក្តីទាំងអស់នេះ អាចកែខៃបាន​ដោយទទួលទានសាច់មាន់ សាច់ជ្រូក សាច់គោ ទឹកដោះគោ ថ្លើម អាហារសមុទ្រ គ្រំ បាយ​អង្ករសម្រូប បន្លែពណ៌បៃតង ផ្លែប៉ោម ម្នាស់ ព្រោះអាហារទាំងនេះ​សម្បូរទៅដោយសារធាតុសង្ក័សី ដែលនឹងជួយសំរួលតុល្យភាពរបស់រាងកាយ និងចិត្តគំនិត។ ប៉ុន្តែកុំភ្លេចផ្តល់អាហារបង្កើនសម្រស់ដល់ស្បែកក្នុងពេលមានរដូវ ដោយអាហារមានវីតាមីន A ដូចជា ប្រូខូលីន ការ៉ុត ស្វាយទុំ ល្ហុងទុំ ព្រោះពេលនេះរាងកាយស្បែករបស់អ្នកមើលទៅស្ងួតទ្រុឌទ្រោមខ្លាំង។

6) គេងមិនលក់៖
ដំបូងអ្នកត្រូវផ្អាកទទួលទានអាហារដែលធ្វើឲ្យអ្នកគេងមិនលក់ ដូចជាកាហ្វេ តែ ទឹក​ក្រូចមានហ្កាស និងសូកូឡាក្តៅ ដែលពោរពេញទៅដយជាតិកាហ្វេអ៊ីន។ គួរ​ទទួលទានទឹកដោះគោក្តៅឧណ្ហៗ ចេក ឬដំឡូងបារាំងស្ងោរ បន្ទាប់ពីអាហារពេលល្ងាច​នឹងជួយឲ្យអ្នកគេង លង់លក់ក្នុងដំណេកជាមិនខាន៕

You might also like More from author