តាមពិតទៅ ការគេង​​លក់​ស្កប់ស្កល់​មាន​ប្រយោជន៍​ ដល់​ម្លឹង​ផង!

- Advertisement -

(សុខភាព)៖ ការគេងគឺជាដំណើរការណ៍ដ៏សំខាន់មួយ ដែលរាងកាយមនុស្សយើងត្រូវការ ដើម្បីធ្វើការនៅថ្ងៃបន្ទាប់ទៀត។ ជាធម្មតា មនុស្សពេញវ័យត្រូវការគេងពី ៧ ទៅ ៩ម៉ោង ក្នុងមួយយប់ ប៉ុន្តែយើងមិននិយាយអំពីរយៈពេលឡើយ តែយើងនិយាយអំពីគុណភាពនៃការគេងវិញ។ ដូចអ្នកដឹងហើយថា ការគេងនឹងជួយស្តារនូវលក្ខណៈធម្មតារបស់រាងកាយជាពិសេសរបៀបដែលយើងឆ្លើយតបនឹងភាពស្រ្តេស ព្រមទាំងប្រព័ន្ធសរសៃប្រសាទអូតូម៉ាតិច ក្នុងការសម្របសម្រួលរាងកាយទាំងមូលផង។ នៅពេលដែលមិនបានគេងគ្រប់គ្រាន់ អតុល្យភាពនៃប្រព័ន្ធជាច្រើនក្នុងរាងកាយនឹងកើតឡើង។

បើសិនជាអ្នកកំពុងតែឆ្ងល់ថាហេតុអ្វីបានជាយើងត្រូវការគេងឲ្យមានគុណភាព ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលអ្នកគួរតែកត់ចំណាំទុក និងកុំភ្លេចចែករំលែកដល់មនុស្សគ្រប់គ្នាផង៖

សម្រួលដល់អ័រម៉ូន
ហេតុផលមួយដែលអ្នកត្រូវការគេងឲ្យបានស្កប់ស្កល់គឺ វាជួយដល់ការផលិតរបស់អ័រម៉ូន។ នៅពេលអ្នកមិនបានគេង វានឹងមានការថយចុះរបស់អ័រម៉ូនលូតលាស់ដែលរាងកាយត្រូវការដើម្បីជួយដល់ការលូតលាស់នានា ហើយវាក៏ជាហេតុផលដែលធ្វើឲ្យរបួសនានាក្នុងខ្លួនក្រជាដែរ។

គ្រប់គ្រងទម្ងន់
នៅពេលអ្នកគេងបានគ្រប់គ្រាន់ អ្នកនឹងមិនងាយឡើងទម្ងន់ឡើយ ដោយសារតែអ័រម៉ូន Ghrelin និង Leptin ជាអ្នកគ្រប់គ្រងការឃ្លានអាហារនោះ មានតុល្យភាព។ នៅពេលដែលគេងមិនបានគ្រប់គ្រាន់ រាងកាយនឹងងាយឃ្លានអាហារណាស់ដើម្បីអាចជួសជុលអ្វីដែលខ្វះខាត។ ជាអកុសល្យ រឿងនេះងាយនឹងធ្វើឲ្យអ្នកញ៉ាំច្រើនខុសពីធម្មតារហូតដល់ឡើងទម្ងន់។

ច្រោះជាតិពុលក្នុងខ្លួន
អ្នកប្រហែលជាមិនបានដឹងរឿងនេះទេ ប៉ុន្តែខួរក្បាលរបស់មនុស្សយើងត្រូវការគេងដើម្បីចូលរួមក្នុងការច្រោះជាតិពុលពីក្នុងខ្លួន។ ជាតិពុលអាចនឹងប្រមូលផ្តុំច្រើនជាមួយនឹងប្រតិកម្មគីមីជាច្រើនដែលកើតឡើងក្នុងខួរក្បាល ដូច្នេះវានឹងបញ្ចេញពីក្នុងខ្លួនវិញនៅពេលគេងលក់ស្រួល។ សារធាតុ Glutathione ដែលជាអង់ទីអុកស៊ីដង់នោះ ត្រូវបានផលិតឡើងក្នុងថ្លើម ហើយក៏ជាតម្រូវការសម្រាប់ការពារពីជំងឺរ៉ាំរ៉ៃដែរ។ នៅពេលយើងគេងមិនបានគ្រប់ រាងកាយនឹងមិនអាចផលិតអង់ទីអុកស៊ីដង់នេះបានគ្រប់គ្រាន់ឡើយ។

បង្កើនការចងចាំ
ហេតុផលមួយផ្សេងទៀតដែលយើងត្រូវការគេងនោះគឺថា វាជួយដល់ការបង្កើនការចងចាំមនុស្សយើង។ នៅពេលគេងមិនបានឆ្អែត ការចងចាំនឹងរងការប៉ះពាល់។ រឿងនេះអាចនឹងធ្ងន់ធ្ងរទៅៗនៅពេលកម្រិតនៃភាពស្រ្តេសរបស់យើងកើនឡើងដោយសារតែការកើនឡើងរបស់សារធាតុ Cortisol ក្នុងពេលស្រ្តេស។

បង្កើនមុខងារប្រព័ន្ធភាពស៊ាំ
បើសិនជាអ្នកគេងមិនបានឆ្អែត អ្នកនឹងយល់ថាខ្លួនឯងងាយនឹងឆ្លងជំងឺផ្តាសាយណាស់។ នេះដោយសារតែប្រព័ន្ធភាពស៊ាំចុះខ្សោយ។ ការគេងក្នុងកម្រិតដែលគ្រប់គ្រាន់ និងស្កប់ស្កល់ទៀត នឹងជួយឲ្យអ្នកមានអារម្មណ៍ថាមានសុខភាពល្អ និងមិនងាយឆ្លងជំងឺអ្វីច្រើនដែរ៕

You might also like More from author