វិធី​ព្យាបាល​ជំងឺ​អាឡែហ្ស៊ី ច្រមុះ​ដោយ​ខ្លួនឯង

(សុខភាព)៖ ជំងឺអាឡែហ្ស៊ីច្រមុះគឺជាជំងឺដ៏រំខានមួយ ហើយក៏ធ្វើឲ្យហូរទឹកភ្នែក ហៀរសម្បោរ និងកណ្តាសមិនឈប់ដែរក្នុងរយៈពេលមួយទៅពីរនាទី។
រឿងនេះងាយនឹងកើតឡើងណាស់នៅពេលប្រព័ន្ធភាពស៊ាំអ្នកមានប្រតិកម្មជាមួយនឹងសារធាតុបង្ករលាកដូចជា ធូលីដី លម្អងផ្កា និងសត្វចិញ្ចឹមជាដើម។
មានមនុស្សមួយចំនួនដែលងាយនឹងមានជំងឺនេះណាស់ជាពិសេសនៅពេលវាកើតឡើងជាលក្ខណៈគ្រួសារ។ ខ្ញុំសូមណែនាំអំពីវិធីព្យាបាលដោយខ្លួនឯងមួយចំនួនចំពោះករណីជំងឺអាឡែហ្ស៊ីច្រមុះនេះ។

ខ្ញី៖
ខ្ញីគឺជាការព្យាបាលប្រឆាំងនឹងអាឡែហ្ស៊ីបែបធម្មជាតិ ដោយសារតែវាផ្ទុកសារធាតុប្រឆាំងការរលាក ប្រឆាំងបាក់តេរី និងជំរុញឲ្យប្រព័ន្ធភាពស៊ាំអាចធ្វើការបន្ថយប្រតិកម្ម និងរោគសញ្ញារបស់វាបាន ជាពិសេស ហៀរសម្បោ ឈឺក្បាល និងតឹងច្រមុះតែម្តង។ អ្នកអាចទំពារដុំខ្ញីមួយដុំតូចៗក៏បានដែរ។

ទឹកខ្មេះផ្លែប៉ោម៖
សារធាតុប្រឆាំងអាឡែហ្ស៊ី និងថ្នាំផ្សះក្នុងទឹកខ្មេះផ្លែប៉ោមគឺជាអ្វីដែលធ្វើឲ្យវាក្លាយទៅជាវិធីព្យាបាលដ៏ល្អមួយសម្រាប់ជំងឺអាឡែហ្ស៊ីច្រមុះ។ ការព្យាបាលបែបនេះអាចជួយបន្ថយភាពធ្ងន់ធ្ងររបស់រោគសញ្ញាអ្នកបាន ដូច្នេះអ្នកនឹងមានអារម្មណ៍ធូរស្រាលបាន។ ចូរលាយទឹកខ្មេះនេះមួយស្លាបព្រាកាហ្វេទៅក្នុងទឹកក្តៅឧណ្ហៗមួយពែង ហើយអ្នកអាចដាក់បន្ថែមនូវទឹកក្រូចឆ្មា និងទឹកឃ្មុំខ្លះដើម្បីមានរសជាតិឆ្ងាញ់ បន្ទាប់មកញ៉ាំវា ៣ដងក្នុងមួយថ្ងៃ។

ប្រូបាយអូទិច៖
ការញ៉ាំអាហារមានជាតិប្រូបាយអូទិចត្រូវបានគេណែនាំយ៉ាងច្រើនដើម្បីជួយរក្សាលំនឹងនៃបាក់តេរីល្អៗក្នុងពោះវៀន។ នៅពេលមានលក្ខណៈអតុល្យភាពនៃបាក់តេរីល្អ និងមិនល្អក្នុងពោះវៀន ប្រព័ន្ធភាពស៊ាំអាចនឹងរកការប៉ះពាល់ ដូច្នេះ អ្នកនឹងមានជំងឺនៅផ្លូវដង្ហើមជាច្រើន ដូចជាអាឡែហ្ស៊ីច្រមុះជាដើម។ ការញ៉ាំយ៉ាអួរអាចជួយពង្រឹងដល់បាក់តេរីក្នុងពោះវៀនបាន។

ខ្ទឹមស៖
សារធាតុ Quercetin ដែលមានក្នុងខ្ទឹមសដើរតួនាទីជាសារធាតុប្រឆាំងអាឡែហ្ស៊ីបែបធម្មជាតិមួយ ហើយអាចមានប្រយោជន៍ចំពោះអ្នកជំងឺអាឡែហ្ស៊ីច្រមុះទៀត។ ក្រៅពីនេះខ្ទឹមស ក៏មានប្រយោជន៍ចំពោះសុខភាពផ្សេងៗទៀតដែរដូចជា ប្រឆាំងបាក់តេរី ថ្នាំផ្សះ និងប្រឆាំងវីរុស។ អ្នកអាចទំពារខ្ទឹមសឆៅពីរទៅបីកំប៉ឹសក្នុងមួយថ្ងៃ ដើម្បីបន្ថយឥទ្ធិពលនៃការអាឡែហ្ស៊ីច្រមុះ ឬប្រើវាសម្រាប់ធ្វើម្ហូបញ៉ាំក៏បានដែរ។
ការអាឡែហ្ស៊ីច្រមុះអាចកើតឡើងជាប្រចាំ ប៉ុន្តែដំណឹងល្អនោះគឺថា ជាមួយនឹងការព្យាបាលបែបធម្មជាតិខាងលើនេះ ជំងឺនេះនឹងពិបាកនឹងយាយីលើរាងកាយអ្នកណាស់៕

You might also like More from author