អំបិល និង សុខភាព

(សុខភាព)៖ ប្រសិនបើអ្នកមានជំងឺលើសឈាម អ្នកប្រហែលជាត្រូវកាត់បន្ថយជាតិអំបិលនៅក្នុងរបបអាហាររបស់អ្នក។ ដោយឡែកការរកឃើញថ្មីមួយ ក៏បានលើកឡើងដែរថា សូដ្យូមជាកត្តាចំបងមួយនៅក្នុងការចំរុញសម្ពាធឈាមឲ្យកើនឡើង។

ក្រុមអ្នកស្រាវជ្រាវមួយក្រុមក៏បានលើកគំនិតផ្ទុយឡើងថា ការមានសម្ពាធឈាមខ្ពស់ ត្រូវមានការជាប់ទាក់ទងយ៉ាងខ្លាំង ទៅនឹងរបបអាហារ ដែលមានសារធាតុខនិជទាបដូចជា កាល់ស្យូម ប៉ូតាស្យូម និងម៉ាញ៉េស្យូម មិនមែនសារជាតិសូដ្យូមឡើយ។

ជាមួយគ្នានេះដែរ ទិន្នន័យថ្មីនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៧ ស្តីពីការស្រាវជ្រាវសម្ពាធឈាមខ្ពស់នៅ ទីក្រុងវ៉ាស៊ីនតោន របស់សមាគមគ្រូពេទ្យជំងឺបេះដូងនៃសហរដ្ឋអាមេរិក។

ទោះបីជាយ៉ាងណាក្តីក្រុមអ្នកស្រាវជ្រាវ ដែលបានសិក្សាទៅលើអ្នកមានជំងឺលើសឈាមអស់រយៈពេលជិត ២ឆ្នាំ បានធ្វើការអះអាងថា ការកើនឡើងនៃសម្ពាធឈាមខ្ពស់ នៅតែមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងសារជាតិសូដ្យូម ឬអំបិល។

ការសិក្សាថ្មីនេះ ត្រូវបានចូលរូមដោយអ្នកស្ម័គ្រចិត្តចំនួន ៣៣០០០នាក់ ដោយពួកគេត្រូវបានវាស់សម្ពាធឈាម ហើយត្រូវឲ្យឆ្លើយសំនួរ ដែលទាក់ទងទៅនឹងរបបអាហាររបស់ពួកគេ។ រួចហើយក្រុមអ្នកស្រាវជ្រាវបានធ្វើការបែងចែកអ្នកទាំងនោះជា ៤ក្រុម ដោយគិតទៅលើរបបអាហារ ដែលពួកគេទទួលទានជាប្រចាំថ្ងៃ។

ក្រោយមកលទ្ធផលបានបង្ហាញឲ្យឃើញថា អ្នកដែលបានទទួលទានសូដ្យូមច្រើន អ្នកនោះសម្ពាធឈាមប្រែប្រួលខ្លាំង ចំណែកឯអ្នកដែលបានទទួលទានកាល់ស្យូម បែរជាមានសម្ពាធឈាមចុះ៕

You might also like More from author