មហារីក​ស្បែក​មាន​លក្ខណៈយ៉ាងដូចម្តេច?

(សុខភាព)៖ រោគមហារីកស្បែកគឺត្រូវបានគេបែងចែកជា ៣ប្រភេទ ដែលមានរៀបរាប់ដូចខាងក្រោមនេះ៖

– មហារីកស្រទាប់កោសិកា បាហ្សាល់ (Basal Cell carcinoma)
ជាដុំ​ពកតូចមួយ​មានពណ៌ថ្លាឬក៏ក្រហម ដែលមានការវិវត្តន៏ទៅមុខយឺតៗហើយដុំនេះអាច បណ្តាល​ឲ្យចេញឈាម ឬក្លាយទៅជាដំបៅមួយ។ រោគមហារីកនេះនឹងកម្រធ្វើឲ្យមនុស្សស្លាប់ណាស់។

– មហារីកស្រទាប់កោសិកាស្គាំមើស្ស(Squamous Cell Carcinoma)
ជាតំបន់មួយដែលមានសភាពដូចជា ប្រេះស្រកា ហើយមានពណ៌ក្រហម។ តំបន់នេះ​វាអាចបណ្តាលឲ្យមានការចេញឈាមឬបង្កើតជាដំបៅ។ ករណីនេះវាកម្រនឹងបណ្តាលឲ្យស្លាប់ដូចគ្នាដែរ។

– មហារីកស្រទាប់កោសិកា ដែលមានតួនាទីផលិតសារជាតិមេឡានីន (Malignant melanomas)
ជាអាចម៏រុយឬក៏ជាប្រជ្រុយមួយដែលមានការផ្លាស់ប្តូររូបរាង រវាងកម្រាស់ពណ៌។ ករណីនេះ​វានឹងអាចបណ្តាលឲ្យមានអត្រាមរណៈខ្ពស់ បើសិនជាពុំបានទទួលការព្យាបាលទាន់ពេល។

តើអ្នកណាដែលជាអ្នកប្រឈមមុខខ្ពស់ នឹងការកើតមានរោគមហារីកស្បែក?

យោងទៅតាមអ្នកស្រីវេជ្ជបណ្ឌិត Anthony Quinn ដែលជាអ្នកឯកទេសផ្នែករោគស្បែក បានមានប្រសាសន៏ថា អត្រានៃការប្រឈមមុខខ្ពស់នឹងការកើតមានរោគមហារីកស្បែក គឺត្រូវបានជួបប្រទេះនៅលើមនុស្ស ដែលមានវ័យ ៣០ឆ្នាំ និង ៤០ឆ្នាំ។ ចំពោះមនុស្សដែល​មានវ័យ ៣០ឆ្នាំវិញ គឺមានកម្រិតនៃការប្រឈមមុខនឹង ជំងឺមហារីកស្បែកប្រភេទមិនមែនមេឡាណូម៉ា (Non-melanoma) ៥ដងខ្ពស់ជាធម្មតា។ ម្យ៉ាងវិញទៀត ជាទូទៅរោគមហារីកភាគច្រើនតែងតែកើតមានឡើងនៅលើមនុស្ស ដែលធ្វើការនៅក្នុងបន្ទប់ម្លប់ ឬក៏នៅក្នុងការិយាល័យជាដើម នឹងអ្នកដែលទទួលរងនូវកម្តៅថ្ងៃខ្លាំង។

វិធីដើម្បីកុំឲ្យកើតមានជំងឺមហារីកស្បែក

១- គួរស្លៀកពាក់ខោជើងវែង អាវដៃវែង និងពាក់មួក ដែលមានហាមធំ ដើម្បីចៀសវាងកុំឲ្យត្រូវកម្តៅថ្ងៃ ជាពិសេសទៅទៀតគឺគួរចៀសវាងកុំឲ្យត្រូវកម្តៅថ្ងៃ នៅពេលវេលាចន្លោះពីម៉ោង ១១ ដល់ម៉ោង ៣រសៀល។

២- យ៉ាងហោចណាស់ក៏គួរតែលាបក្រេមការពារកម្តៅថ្ងៃ ដែលមានសារជាតិវីតាមីន E ដែរ។ អ្នកគួរតែលាប​វាមុនពេលចេញទៅត្រូវនឹងកម្តៅថ្ងៃ ១៥នាទី។

៣- បើសិនជាមានប្រជ្រុយ ឬអាចម៏រុយ នៅត្រង់កន្លែងណាមួយនោះ អ្នកគួរតែសង្គេត និងតាមដានមើលភាពប្រែប្រួលខុសពីប្រក្រតីរបស់វា។ បើសិនជាសង្កេតទៅមានការប្រែប្រួលមែន អ្នកគួរតែទៅពិនិត្យ និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ទើបជាការប្រសើរ៕

You might also like More from author