ហេតុផល​ទាំង​នេះ​គ្រប់គ្រាន់​ហើយ​ដែល​អ្នក​ស្គមៗ​គួរ​តែ​ព្យាយាម​ហាត់​ប្រាណ​បន្ថែម

(សុខភាព)៖ តើអ្នកជាមនុស្សស្គមទេ ហើយចង់ឡើងទម្ងន់ច្រើនជាងមុនដែរទេ? អ្នកប្រហែលជាចង់ញ៉ាំអាហារ ណាដែលសម្បូរកាឡូរី និងខ្លាញ់ហើយមើលទៅ។ ប៉ុន្តែការហាត់ប្រាណជាប្រចាំ គួរតែជារឿងដែលមនុស្ស ស្គមៗគួរតែធ្វើដែរ។ ពិតណាស់ ការហាត់ប្រាណគេមិនគិតថា ទាល់តែមនុស្សភេទប្រុស ឬស្រី អាយុច្រើន ឬតិច ឬធាត់ឡើយ ព្រោះវាគឺជាអ្វីដែលជួយឲ្យមានសុខភាពល្អ។ យ៉ាងណាមិញ សម្រាប់មនុស្សស្គមៗ អ្នកនឹងទទួល បានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព ជាពិសេសការហាត់ប្រាណបែបលើកដុំដែកតែម្តង។

ការហាត់ប្រាណទៀងទាត់នឹងធ្វើឲ្យមានអារម្មណ៍ថាមានកម្លាំង យកល្អគួរតែហាត់ប្រាណឲ្យបានច្រើន ជាពិសេសបើសិនជាអ្នកកំពុងតែរស់នៅបែបរវល់ ឬរបៀបរស់នៅបែបសកម្មច្រើន។ បើសិនជាអ្នកជាមនុស្សស្គម និងតែងតែអស់កម្លាំងពេកនោះ ការហាត់ប្រាណអាចជួយឲ្យអ្នកមានកម្លាំងបានលឿនតាមតម្រូវការបាន។

-ល្អចំពោះសុខភាពបេះដូងសរសៃឈាម
ការយកវិធីហាត់ប្រាណជាផ្នែកមួយនៃទម្លាប់រស់នៅពី៤ ទៅ ៥ដងក្នុងមួយសប្តាហ៍នឹងជួយបន្ថយការប្រឈម នឹងបញ្ហាជាច្រើនដែលជាប់ទាក់ទងនឹងបេះដូង។ វាក៏ជាអ្វីដែលអាចបញ្ចុះកូឡេស្តេរ៉ុល និងសម្រួលដល់សម្ពាធ ឈាមបានដែរ។ អ្នកជំនាញនិយាយថា ការហាត់ប្រាណដោយលើកដុំដែក អាចបន្ថយការប្រឈមនឹងជំងឺបេះដូង គាំងបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាលបាន។

-បង្កើនមុខងារប្រព័ន្ធភាពស៊ាំ
តើអ្នកច្រើនតែយល់ថា ខ្លួនឯងមានបញ្ហាអាឡែហ្ស៊ី និងការបង្ករោគដូចជា ក្អក និងផ្តាសាយដែរទេ? រឿងនេះ ប្រហែលជាអ្នកត្រូវការហាត់ប្រាណកាន់តែច្រើនដើម្បីឲ្យប្រព័ន្ធភាពស៊ាំកាន់តែខ្លាំងហើយ។ ការសិក្សាបាន បង្ហាញថា ការហាត់ប្រាណប្រហែលជាបន្ថយឱកាសនៃការកើតជំងឺដែលនាំឲ្យស្លាប់បានដូចជា ជំងឺមហារីកជា ដើម។

-ជួយបំបាត់ការបាក់ទឹកចិត្ត និងការថប់អារម្មណ៍
វាមិនមែនជាអាថ៌កំបាំងឡើយដែលថា ការហាត់ប្រាណជួយឲ្យអ្នកមានអារម្មណ៍សប្បាយចិត្ត តែអ្នកគួរតែ អរគុណដល់ការកើនឡើងរបស់សារធាតុ Endorphins ដែលជាអ័រម៉ូនជួយឲ្យសប្បាយចិត្ត។ ក្រៅពីធ្វើឲ្យមាន អារម្មណ៍ល្អ អ័រម៉ូននេះត្រូវបានគេដឹងថា ជួយបង្កើនការស្រឡាញ់ខ្លួនឯង និងបន្ថយការឈឺចាប់ថែមទៀត។ ក្រៅពីនេះ Endorphin ក៏ជួយបំបាត់ការថប់អារម្មណ៍ដែរ។

-ពង្រឹងដល់ការគេង
បើអ្នកជាមនុស្សពិបាកគេងលក់ ចូរចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងការហាត់ប្រាណដើម្បីកុំឲ្យងងុយគេងនៅពេលថ្ងៃ និងជម្រុញដល់ការងងុយគេងនៅពេលយប់។ អ្នកគួរតែកុំហាត់ប្រាណនៅរយៈពេលពីរបីម៉ោងមុនគេដែរ ព្រោះវានឹងធ្វើឲ្យការគេងមិនលក់កាន់តែខ្លាំង៕

You might also like More from author