សុខភាព​បេះដូង​ល្អ​ដោយ​សារអាហារ ៩មុខ

(សុខភាព)៖ របបអាហារដែលផ្តល់សុខភាពអាចជារឿងល្អមួយសម្រាប់សុខភាពបេះដូង។ អ្នកក៏អាចកាត់បន្ថយ ការកើតជំងឺបេះដូងសរសៃឈាមបានដែរតាមរយៈការញ៉ាំអាហារទាំងអស់នេះជាប្រចាំ។ មានបន្លែ និងផ្លែឈើ ច្រើនណាស់ដែលល្អចំពោះបេះដូង។

តាមការសិក្សាបានឲ្យដឹងទៀតថា ជំងឺបេះដូងសរសៃឈាមស្ទើរតែ ៧០ភាគរយហើយដែលអាចបង្ការបានតាម រយៈការជ្រើសរើសអាហារទទួលទានត្រឹមត្រូវ។ តើអាហារទាំងអស់នោះមានអ្វីខ្លះទៅ?

• ផ្លែប័រ

ផ្លែឈើមួយនេះសម្បូរទៅដោយសារធាតុខ្លាញ់ផ្តល់សុខភាព Monounsaturated Fats និងជាប្រភពនៃប៉ូតាស្យូមដែលជាជាតិរ៉ែដ៏សំខាន់ក្នុងការគ្រប់គ្រងជំងឺលើសសម្ពាធឈាម។ វាក៏ជាប្រភពនៃវីតាមីន C, Carotenoids និងជាតិសរសៃផងដែរ។ក្រៅពីនេះ ផ្លែប័រក៏អាចជួយរាងកាយបឺតស្រូបអង់ទីអុកស៊ីដង់ផ្សេងៗទៀតដែលយើងបានញ៉ាំពីបន្លែដូចជា ការ៉ុត និងស្ពៃស្ពីណាចជាដើម។

• ផ្លែបឺរីពណ៌ខៀវ

វាជាផ្លែឈើដែលសម្បូរសារធាតុ Resveratrol និង Flavonoids ដែលសុទ្ធសឹងតែជាអង់ទីអុកស៊ីដង់សម្រាប់ជួយបង្ការជំងឺសរសៃឈាមបេះដូង។ អ្នកក៏អាចយកវាធ្វើជាទឹកក្រឡុកបានដែរ។

• សូកូឡាខ្មៅ

តាមការសិក្សាបានរកឃើញថា ការញ៉ាំសូកូឡាខ្មៅជាប្រចាំ អាចបញ្ចុះកូឡេស្តេរ៉ុលអាក្រក់ក្នុងឈាមបាន។ ចំពោះសារធាតុ Phenols ក្នុងសូកូឡាខ្មៅ ដែលមានមុខងារប្រឆាំងនឹងការរលាក និងសម្លាប់មេរោគនោះ អាចកាត់បន្ថយការប្រឈមនឹងជំងឺបេះដូងបាន។

• ប្រេងអូលីវ

ប្រេងអូលីវជាប្រភពនៃជាតិខ្លាញ់ Monounsaturated Fats ដ៏ល្អមួយ ដែលអាចជួយបន្ថយទាំងកម្រិតជាតិស្ករ និងកូឡេស្តេរ៉ុលក្នុងឈាម។

• បន្លែពណ៌បៃតង

ស្ពៃស្ពីណាច ឬត្រកួនសុទ្ធតែជាអាហារដ៏ល្អដែលអាចផ្តល់ជាតិដែក និងវីតាមីន C ដល់រាងកាយ។ របស់ទាំងពីរនេះល្អបំផុតសម្រាប់សុខភាពធ្មេញ សក់ និងឆ្អឹង ខណៈពេលដែលវីតាមីន A និងម៉ាញ៉េស្យូម សម្រាប់ជួយឲ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់ ចៀសផុតពីភាពខឹងនាំឲ្យគាំងបេះដូងបាន។

• ថ្លើមសត្វ

អ្នកជំនាញខាងជំងឺបេះដូង បាននិយាយថា ថ្លើមមានជាតិខ្លាញ់ដែលល្អចំពោះសុខភាពបេះដូង។

• ស្រូវអូត

ថ្វីបើស្រូវប្រភេទនេះមិនសូវមានអ្នកស្គាល់ និងញ៉ាំក៏ដោយ ប៉ុន្តែវាគឺជាអាហារមួយប្រភេទមានជាតិសរសៃរលាយ និងអាចបញ្ចុះកូឡេស្តេរ៉ុលអាក្រក់ក្នុងឈាមបានទៀត។ ដូច្នេះកាលណាកូឡេស្តេរ៉ុលអាក្រក់មិនសូវមាន វាពិតជាល្អទាំងសរសៃឈាម និងបេះដូង។

• ត្រីសាលម៉ុង

ត្រីសាលម៉ុងនិងត្រីសម្បូរខ្លាញ់ផ្សេងៗទៀតដូចជា ត្រីសាឌីន សុទ្ធតែជាអាហារដ៏ល្បីសម្រាប់សុខភាពបេះដូងទាំងអស់។ នេះដោយសារតែ វាផ្ទុកទៅដោយអាស៊ីតខ្លាញ់អូមេហ្គាបីច្រើន និងអាចបន្ថយការប្រឈមនឹងជំងឺក្រិនរឹងសរសៃឈាម ឬកំណកជាប់សរសៃឈាមអាក់ទែបានទៀត។

• ប៉េងប៉ោះ

ប៉េងប៉ោះមានវីតាមីន C ដែលល្អចំពោះបេះដូង និងសម្បូរសារធាតុ Lycopene។ វីតាមីន C ដើរតួនាទីជាអង់ទីអុកស៊ីដង់សម្រាប់ការពារកោសិកាកុំឲ្យខូចខាត ជាពិសេសកោសិកាបេះដូងតែម្តង៕

You might also like More from author