ជម្ងឺ​ដែល​យុវវ័យ គួរ​ប្រយ័ត្ន

(សុខភាព)៖ វ័យជំទង់ឬយុវវ័យ ដែលជាវ័យកំពុងលូតលាស់ និងធំធាត់ ហើយក៏អាចប្រឈមនឹងជម្ងឺច្រើនដែរ។ ដូច្នេះអ្នកគួរស្វែងយល់អំពីជម្ងឺផ្សេងៗដែលកើតឡើងជាញឹកញាប់ នៅលើវ័យជំទង់ឬយុវវ័យ និងចំណុចដែលគួរប្រយ័ត្ននៅពេលដែលប្រឈមនឹងជម្ងឺទាំងនោះ។

1. អាយុ ១៧ ទៅ ២០ឆ្នាំ
– មុន៖ បណ្តាលមកពីការប្រែប្រួលអរម៉ូនក្នុងរាងកាយ។ ដូច្នេះត្រូវប្រើថ្នាំបំបាត់មុន ដែលមានសារធាតុផ្សំនៃថ្នាំបំបាត់ការរលាក ហើយឧស្សាហ៍លាងសម្អាតមុខឲ្យបានស្អាត ជាពិសេសក្រោយពេលតែងមុខ ប៉ុន្តែអ្នកមិនត្រូវកេះញេចមុននោះទេ ព្រោះវាធ្វើឲ្យមានស្នាមប្រហោងនៅលើផ្ទៃមុខ ជាពិសេសត្រូវគេងឲ្យបានគ្រប់គ្រាន់និងទទួលទានអាហារដែលមានវីតាមីនC បន្លែ ផ្លែឈើឲ្យបានច្រើន។

– ដំបៅក្រពះ៖ ការតមអាហារ ដើម្បីបញ្ចុះទំងន់ ឬទទួលទានអាហារមិនទៀងទាត់ គឺជាមូលហេតុដែលនាំឲ្យកើតជម្ងឺដំបៅក្រពះ ដោយសាររាងកាយត្រូចបញ្ចេញនូវជាតិអាស៊ីតទៅក្នុងក្រពះ ហើយនៅពេលដែលមិនមានអាហារចូលទៅ ជាតិអាស៊ីតដែលបញ្ចេញមកនោះ ក៏ទៅបំផ្លាញជាលិកាភ្នាសក្រពះជាហេតុនាំឲ្យកើតមានអាការឈឺពោះ ជាពិសេសនៅពេលពាក់កណ្តាលអាធ្រាត ឬអអអំឡុងម៉ោង ១ ,២យប់។
ជាពិសេសគួរជៀសវាងការទទួលទានអាហារដែលមានរសជាតិចាស់ តែ កាហ្វេ ឬទឹកក្រូចកំប៉ុង ព្រោះវាជំរុញឲ្យរាងកាយបញ្ចេញអាស៊ីតកាន់តែច្រើនដែរ ជាហេតុធ្វើឲ្យឈឺពោះ។ អ្នកពុំគួរបណ្តាលឲ្យមានអាការឈឺពោះយូរៗនោះទេ ព្រោះវាធ្វើឲ្យដំបៅក្នុងក្រពះរីករាលដាល រហូតក្លាយជាជម្ងឺមហារីក ឬសាច់ដុំនៅក្នុងក្រពះបាន។

– ជម្ងឺប្រតិកម្មច្រមុះ៖ មានអារម្មណ៍ថារមាស់ច្រមុះ ឬ កណ្តាស់ជាញឹកញាប់ នៅពេលត្រូវផ្សែង ឬស្ថិតក្នុងកន្លែងដែលមានអាកាសធាតុត្រជាក់។ គួរសម្អាតបន្ទប់គេងជាប្រចាំ ព្រោះអាចមានធូលីដី ឬសត្វល្អិត ធ្លាក់ជាប់នៅទីនោះដែលធ្វើឲ្យច្រមុះស្កៀបរមាស់។ លើសពីនេះត្រូវធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ដើម្បីការពារប្រព័ន្ធការពាររាងកាយរឹងមាំ និងទទួលទានវីតាមីន C ដើម្បីជួយកាត់បន្ថយប្រតិកម្មច្រមុះ ហើយប្រសិនបើមិនបានធ្វើការព្យាបាលនោះទេ វាអាចបណ្តាលឲ្យរលាកច្រមុះ រហូតដល់បណ្តាលឲ្យដុះសាច់ក្នុងច្រមុះ ធ្វើឲ្យតឹងច្រមុះ ពិបាកដកដង្ហើម និងមានបញ្ហាក្នុងការស្រូបយកក្លិន ខ្លះទៀតអាចគេងស្រមុក។

– ជម្ងឺកាមរោគ៖ ដូចជាជម្ងឺស្វាយ ប្រមេះ សិរមាន់ ឬជម្ងឺអេដស៍ជាដើម។ ប្រសិនជាអាចជៀសវាងការរួមភេទបាននោះ ជាការប្រសើរណាស់ព្រោះអ្នកកំពុងស្ថិតនៅក្នុងវ័យសិក្សានៅឡើយ ប៉ុន្តែប្រសិនបើពុំអាចចៀសវាងបាន ត្រូវប្រើស្រោមអនាម័យរាល់ពេលរួមភេទ ព្រោះវាអាចបង្ការនូវការឆ្លងរោគផ្សេងៗក៏ដូចជាការការពារមានផ្ទៃពោះផងដែរ។

2. អាយុ ២១ ដល់ ២៥ឆ្នាំ

– ជម្ងឺរលាកសន្លាក់៖ ច្រើនកើតចំពោះស្ត្រីដែលចូលចិត្តពាក់ស្បែកជើងកែងចោត។ ក្នុងមួយសប្តាហ៍ គួរពាក់ស្បែកជើងកែងទាប ឲ្យបាន២ ៣ថ្ងៃ និងទទួលទានអាហារដែលមានជាតិកាល់ស្យូមឲ្យបានច្រើន ដូចជាទឹកដោះគោជាដើម។ ទម្ងន់ខ្លួនច្រើនពេក(ធាត់) ជាកត្តាធ្វើឲ្យឈឺកជើងដែរ អ្នកគួរសម្រកទម្ងន់ខ្លួនផង។

– តានតឹងតប់ប្រមល់៖ ការទទួលទានអាហារដែលមានវីតាមីន B អាចជួយបំប៉នខួរក្បាល និងរំសាយអារម្មណ៍តានតឹងបាន ដូចជាទទួលទានផ្លែចេកជាដើម។ គួរចៀសវាងការទទួលទាន តែ កាហ្វេ ព្រោះវានឹងជំរុញឲ្យកាន់តែមានអារម្មណ៍តានតឹង។

– ជម្ងឺមហារីក៖ អត្រាប្រឈមនឹងជម្ងឺមហារីកច្រើនចាប់ផ្តើមក្នុងកំឡុងពេលអាយុ ៣០ ទៅ ៤០ឆ្នាំ ប៉ុន្តែប្រសិនបើមិនបានថែទាំសុខភាពឲ្យបានល្អនោះទេ អ្នកនឹងប្រឈមនឹងជម្ងឺនេះតាំងពីនៅយុវវ័យ ជាពិសេសអ្នកដែលជក់បារី ផឹកស្រា ឬ អ្នកដើរលេងយប់ជ្រៅ។ ដូច្នេះអ្នកគួរគេងសម្រាកឲ្យបានគ្រប់គ្រាន់ ដោយចូលគេងមិនឲ្យលើសពីម៉ោង១០យប់ ដើម្បីឲ្យរាងកាយជួសជុលកោសិកាដែលសឹករិចរិលបាន និងត្រូវបញ្ឈប់ការជក់បារី និងផឹកស្រា។

3. អាយុ ២៦ ដល់ ២៩ឆ្នាំ

– ជម្ងឺលើសឈាម៖ ជម្ងឺនេះច្រើនកើតចំពោះមនុស្ស ក្នុងអំឡុងអាយុ៣០ ទៅ ៤០ឆ្នាំឡើងទៅ ប៉ុន្តែបើអ្នកមិនបានថែទាំសុខភាពឲ្យបានល្អទេនោះ ក៏អាចកើតជម្ងឺនេះតាំងពីក្មេងវ័យ។ គួរឆ្លៀតពេលហាត់ប្រាណឲ្យបានច្រើន ទទួលទានអាហារដែលមានសារធាតុទ្រទ្រង់រាងកាយឲ្យបានគ្រប់មុខដោយគួរទទួលទានបន្លែ ផ្លែឈើឲ្យបានច្រើន នឹងបញ្ឈប់ការទទួលទានអាហារដែលមានខ្លាញ់ច្រើន។

– ជម្ងឺមហារីកស្បូន៖ បើសិនមានធ្លាក់ស មានក្លិនមិនល្អ ឬមានពណ៌លឿង លឿងលាយបៃតង និងមានអាការរមាស់ មានឈាមធ្លាក់ក្រោយពេលរួមភេទ និងមានឈាមរដូវច្រើនជាងធម្មតានោះ អ្នកគួរទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យមើលថា មានឆ្លងមេរោគ ឬមានជម្ងឺមហារីកមាត់ស្បូនឬអត់? ស្ត្រីភាគច្រើនកើតរោគមហារីកមាត់ស្បូន ក្នុងអំឡុងអាយុ ៤០ ទៅ ៦០ឆ្នាំ តែយុវវ័យក៏អាចកើតជម្ងឺនេះបានដែរ។ ស្ត្រីដែលឆ្លងកាត់ការរួមភេទ ឬមានអាយុចាប់ពី ៣០ ទៅ ៣៥ឆ្នាំឡើងទៅ គួរទៅពិនិត្យរកជម្ងឺមហារីកមាត់ស្បូនយ៉ាងតិចម្តងក្នុងមួយឆ្នាំ៕

You might also like More from author