ដំបូន្មានខ្លះៗ ជុំវិញ​​ការ​ថែរក្សា​សម្ផស្ស របស់​មិត្ត​នារីៗ

(សុខភាព)៖ ជុំវិញបញ្ហាថែរក្សាសម្ផស្ស នៅមានបញ្ហាជាច្រើន ដែលមិនទាន់ស្រុះស្រួលគ្នា អ្នកខ្លះឲ្យដំបូន្មានថា អ្វីដែលល្អ តែអ្នកផ្សេងបែរជាយល់ថា មិនល្អទៅវិញ។ ដើម្បីជាជំនួយដល់មិត្តនារីទាំងឡាយ សម្រាប់ការពិចារណា ទស្សនាវដ្តីផ្នែកសម្ផស្ស Femme Actuelle បានធ្វើការពន្យល់ថា៖

១. កាត់សក់ដើម្បីសក់ឆាប់វែង ចំហុយសក់ ដើម្បីឲ្យសក់ជាប់បានយូរ មិនឆាប់រង្គោះឬ?
ចម្លើយ គឺមិនមែនទេ! សក់ដុះលូតលាស់ ចាប់ពីគល់ទៅ។ គេមិនអាចធ្វើឲ្យវាឈប់ដុះវែង ដោយសារកាត់ចុះសក់នោះឡើយ។ ផ្ទុយទៅវិញការកាត់សក់ខ្លី គ្រាន់តែអាចជួយកុំឲ្យសក់ ជំពាក់ពិបាកសិតប៉ុណ្ណោះ។

២.ក ឆាប់ជ្រីវជ្រួញជាងផ្ទៃមុខឬ?
ចម្លើយ គឺមែនហើយ! ស្បែកនៅក ម៉ដ្ឋស្តើងជាស្បែកមុខ ជាហេតុធ្វើឲ្យឆាប់ប្រែធាតុដើម។ ផ្ទុយទៅវិញ ស្បែកមុខក្រាស់ណាស់ វាអាចជៀសវាងការឆាប់ជ្រីវជ្រួញ បានយូរជាងស្បែក ក។ ហេតុដូច្នេះហើយ ដើម្បីថែរក្សាស្បែកនៅជុំវិញក ឲ្យបានល្អយូរ គួរប្រើក្រែម ដែលមានផ្សំដោយសារធាតុសំណើម ឲ្យបានរាល់ថ្ងៃ ។

៣. គេអាចធ្វើឲ្យរោមភ្នែកដុះវែងបាន ?
ចម្លើយ គឺមិនមែនទេ! ការដុះលូតលាស់នៃរោមភ្នែក វាកំណត់ជាស្រេច ដោយកោសិកានៃសរីរាង្គរបស់គេម្នាក់ៗ។ រោមភ្នែកខាងលើច្រើន មានប្រវែងពី ៨ ទៅដល់១២មីលីម៉ែត្រ ហើយរោមភ្នែកខាងក្រោម មានប្រវែងពី ៦ ទៅ ៨មីលីម៉ែត្រ។ រោមភ្នែកមួយសរសៃៗ នៅគង់វង្សតែរយៈពេលប៉ុន្មានខែប៉ុណ្ណោះ វានឹងជ្រុះហើយដោយមានរោមភ្នែកថ្មីដុះជំនួស ។

៤.គប្បីកក់សក់រាល់ថ្ងៃដែរឬទេ?
ចម្លើយគឺត្រឹមត្រូវ! តែប្រើក្នុងលក្ខណៈកម្រិតស្រាលជាទីបំផុត ។ ចង់និយាយថាសាប៊ូកក់សក់គួរលាយទឹកឲ្យបានច្រើន ពោលគឺធ្វើយ៉ាងណា ធ្វើឲ្យជាតិថ្នាំកាត់ក្អែលសក់ ឲ្យបានខ្សោយបានហើយ ដើម្បីកុំឲ្យឆាប់ខូចសក់ ។

៥. ដកសក់ស្កូវមួយសរសៃ និងដុះឡើងវិញ១០សរសៃមែនទេ?
ចម្លើយគឺមិនមែនទេ! ពេលដែលដកសក់មួយសរសៃចេញ ឬក៏សក់មួយសរសៃដែលវាជ្រុះ ដោយខ្លួនវានោះ សក់មួយសរសៃថ្មីនឹងដុះជំនួស មិនមែនដកមួយដុះ១០នោះទេ។ ដូច្នេះអ្នកមានសក់ស្កូវ កុំយល់ច្រឡំថា ខ្លួនកាន់តែមានសក់ស្កូវច្រើនឡើង បណ្តាលមកពីឧស្សាហ៍ដកវាចោល នោះទេ។

៦. ម៉ាស្សា ដើម្បីសម្រកទម្ងន់?
ចម្លើយគឺមិនត្រឹមត្រូវទេ! ការម៉ាស្សាគ្រាន់ តែធ្វើឲ្យដំណើរឈាមរត់បានស្រួលតែប៉ុណ្ណោះ កម្ចាត់បាននូវសារធាតុពុលបានខ្លះៗ ព្រមទាំងធ្វើឲ្យស្រទាប់ ស្បែករីកលូតលាស់បានល្អ តែវាមិនធ្វើឲ្យរលាយខ្លាញ់ ក្នុងខ្លួនបានឡើយ។

៧. ផឹកទឹកច្រើន ធ្វើឲ្យស្គមបាន ?
ចម្លើយគឺមិនត្រឹមត្រូវទេ! ទឹកគឺជាសារធាតុដែលសរីរាង្គកាយ យើងមិនអាចខ្វះបាន ។ ទឹកអាចធ្វើឲ្យកម្តៅក្នុងខ្លួននៅនឹង ព្រមទាំងជួយច្រានចេញនូវសារធាតុពុល ទាំងឡាយបានខ្លះៗ ។ ម្យ៉ាងទៀត វាជួយឲ្យឈាមរត់បានស្រួល និងនាំសារធាតុទៅចិញ្ចឹមរាងកាយ បានឆាប់រហ័ស តែទឹកមិនអាចធ្វើឲ្យស្រទាប់ខ្លាញ់ រលាយបានទេ។ ត្រូវផឹកទឹកឲ្យបាន ១លីត្រកន្លះ ក្នុងមួយថ្ងៃ ទើបនាំឲ្យមានសុខភាពល្អ។

៨. ចង់សាកទឹកអប់ គួរតែលាប កដៃ?
ចម្លើយគឺត្រឹមត្រូវ! ត្រូវបន្តក់ទឹកអប់មួយតំណក់លើ កដៃ តែមិនត្រូវយកវាមកលាបពីលើទេ។ រង់ចាំឲ្យទឹកអប់សាយភាយក្លិនមក តែកុំឲ្យលើសពីមួយនាទី ក្លិនទឹកអប់លែងសុទ្ធហើយ។ ប្រការគួរឲ្យកត់សម្គាល់មួយទៀត គឺតែកាលណាបើសាកទឹកអប់លើស ពីបីមុខឡើងទៅ ច្រមុះយើងលែងហិតក្លិន ពូកែដូចមុនទៀតហើយ ដូច្នេះក៏មិនអាចដឹងពីក្លិន ពិតប្រាកដរបស់ទឹកអប់នោះដែរ។

៩.បណ្តាក្រែមលាបមុខតែងតែ មានប្រតិកម្មឬ?
ត្រូវខ្លះ និងមិនត្រូវខ្លះ! ផលិតផលលាបមុខគ្រប់ប្រភេទ ដែលមននឹងយកមកលក់នៅទីផ្សារ សុទ្ធតែមានការធានាសុវត្ថិភាពជាបង្គូរ។ ប៉ុន្តែផលិតផលខ្លះ មានប្រតិកម្មក្រោយពីប្រើរាប់សិបឆ្នាំឯណោះ ប្រភេទនោះមិនមានបញ្ហាអ្វីទេ។ តែទោះជាធានាសុវត្ថិភាពខ្ពស់យ៉ាងណា ក៏លែងនឹងមានប្រតិកម្មដល់ស្រ្តី មួយចំនួនតូចដែរ ។

១០. មិនត្រូវរួសក្រចកដៃ ក្រោយពីទើបនឹងងូតទឹករួច ?
ត្រឹមត្រូវ! ក្រោយពីងូតទឹករួច ក្រចកដៃ ជើងយើងមានសភាពទន់ជាខ្លាំង ។ បើយកដែករូសក្រចក មករូសពេលងួតទឹករួច វាអាចធ្វើឲ្យក្រចកយើងប្រេះជាពីរបាន។

១១. គួរប្រើស្បែកជើង ដែលមានកែងរាបស្មើ?
មិនត្រឹមត្រូវ! ស្បែកជើងមានកែងរាបស្មើ ធ្វើឲ្យជើងស្ទក់ ដំណើរធ្ងន់ជើង មិនចង់ទៅមុខ។ ផ្ទុយទៅវិញ ការពាក់ស្បែកជើងកែងខ្ពស់ ធ្វើឲ្យទម្ងន់ខ្លួនចង់តែជ្រុលទៅមុខ ខ្នងកោង នឹងមានបញ្ហាខ្នងនៅថ្ងៃមុខ តែប្រការសំខាន់បំផុតគួរពាក់ស្បែកជើង ដែលមានកែងត្រឹម ៣ ទៅ ៤ សង់ទីម៉ែត្រ វាជាប្រការដ៏ល្អប្រសើរបំផុត៕

You might also like More from author