របប​អាហារ​​​ដ៏សមស្រប សម្រាប់​អ្នក​មាន​ជំងឺ​បេះដូង

- Advertisement -

(សុខភាព)៖ បរិភោគឲ្យបានត្រឹមត្រូវ មិនល្មោភអាហារហួសហេតុពេក ជាករណីចាំបាច់សំរាប់អ្នកជំងឺបេះដូង ដែលត្រូវឃ្លាំមើលពីស្ថានភាព សុខភាពដោយខ្លួនឯង។ អត្រាកូឡេស្តេរ៉ូល អត្រាទ្រីគ្លីសេរីដ អត្រាស្ករ សម្ពាធឈាម ឬទម្ងន់ខ្លួន សុទ្ធតែជាបញ្ហាសំខាន់ៗ សម្រាប់ត្រួតពិនិត្យជាចាំបាច់ កាលណាគេជាជនរងគ្រោះ ដោយគ្រោះថ្នាក់បេះដូង។

របបអាហាររបស់អ្នកជំងឺនេះ មិនអាស្រ័យលើការបំបាត់ខ្លាញ់ ស្ករ និង អំបិលនោះទេ ប៉ុន្តែគួរជ្រើសរើសយកអាហារល្អៗ និងសមភាព។ ហេតុនេះគេត្រូវកាត់បន្ថយខ្លាញ់សត្វ ដែលជាប្រភព នៃកូឡេស្តេរ៉ូលអាក្រក់។ ជៀសវាងការទទួលទានប៊័រ ក្រែមស្រស់ និង ប៊័រធ្វើពីប្រេងរុក្ខជាតិ។

គួរជ្រើសរើសអាហារ ក្រែមដែលចំរាញ់ចេញពីទឹកដោះគោ និងបន្ថយការបរិភោគ ហ្រូម៉ាចំនួនមួយភាគក្នុងមួយថ្ងៃ ត្រូវយកខ្លាញ់ចេញពីសាច់គោ និងបន្ថយចំនួនភាគ១០០ទៅ ១២០ ក្រាមក្នុងមួយថ្ងៃ យកល្អគួរបរិភោគសាច់មាន់គ្មានស្បែក និងត្រីបីដង ក្នុងមួយសប្តាហ៍។

ទទួលទានអាហារ ដែលមានខ្លាញ់បន្លែ ដើម្បីរក្សាទុកកូឡេស្តេរ៉ូលល្អ ដូចជាប៊័រដែលធ្វើពីប្រេងរុក្ខជាតិ ឬប្រេងបន្លែ ២ទៅ៣ស្លាបព្រា ឬប្រើប្រេងអូលីវ សម្រាប់ចម្អិនអាហារក្នុងមួយថ្ងៃ។ ជាពិសេសអ្នកត្រូវចម្អិន មុខម្ហូបជាមួយខ្ទឹមបារាំង ខ្ទឹមសនិងក្រហម ឲ្យបានញឹកញាប់។ អ្នកមិនត្រូវបរិភោគអាហារ ដែលគ្មានបន្លែបៃតងទេ ហើយពិសារផ្លែឈើពី ២ ទៅ ៣ផ្លែក្នុងមួយថ្ងៃ។

សូមប្រយ័ត្នប្រយែង ចំពោះពេលវេលាបរិភោគអាហារ ការពិសារអាហារបីពេលក្នុងមួយថ្ងៃ ។ ត្រូវផឹកទឹកឲ្យបានច្រើន នៅចន្លោះពេលបរិភោគអាហារនីមួយៗ ហើយអាហារត្រូវសាប អ្នកគួរពិសារអាហារ ដែលផលិតពីទឹកដោះ នំបុ័ង និងបន្លែជាតិម្សៅ។

• អាហារពេលព្រឹក ៖ នំបុ័ង ១បន្ទះ, ស៊ុតចៀនយកតែពណ៌ស ចំនួន៤ ដាក់បន្លែតាមចូលចិត្ត,  ក្រូចពោធិ៍សាត់១ផ្លែ និងទឹកតែក្តៅមួយកែវ។
• អាហារពេលថ្ងៃត្រង់៖ មីសរសៃ , ឆាតៅហ៊ូ លាយជាមួយខាត់ណា១ចាន និងផ្លែត្របែក១ផ្លែ។
• អាហារពេលល្ងាច៖ បុកល្ហុងជាមួយការ៉ុត ១ចាន , ត្រីប្រឡាក់គ្រឿងអាំង, បន្លែឆាប្រេងខ្យង ១ចាន , បាយសំរូប ២ ទៅ ៣វែក និងផ្លែស្រកានាគកន្លះផ្លែ។

មុខម្ហូបទាំងនេះផ្តល់ជាតិសរសៃ ទាំងអស់ប្រហែលជា ៣០ក្រាម មានជាតិខ្លាញ់ឆ្អែតទាប និងមានវីតាមីន សារធាតុរ៉ែ ធាតុប្រឆាំងអុកស៊ីដករ ដែលមានចំណែកជួយការពាររោគបេះដូងបានខ្ពស់។ ក្រៅពីអាហារ អ្នកគួរធ្វើការហាត់ប្រាណ និងមានពេលសម្រាកឲ្យបានគ្រប់គ្រាន់ និងជាពិសេសត្រូវតមបារី ដើម្បីឲ្យរួចផុតពីរោគបេះដូង៕

You might also like More from author