ការ​មើល​​​ទូរទស្សន៍ មិន​​ល្អ​​ចំពោះ​​កុមារ!

(អាមេរិក)៖ ការមើលទូរទស្សន៍បានក្លាយជាទំលាប់ដ៏សំខាន់ នៅក្នុងការរស់នៅប្រចាំថ្ងៃ របស់មនុស្សនាសម័យបច្ចេកវិទ្យាទំនើបនេះ រហូតទាល់តែមិនអាចឃ្លាតពីអេក្រងទូរទស្សន៍ សូម្បីតែមួយថ្ងៃ។ ជាពិសេសក្មេងៗ ដែលឪពុកម្តាយពុំសូវមានពេលវេលា នៅជិតឲ្យបានដិតដល់ ដូច្នេះហើយទើបទូរទស្សន៍ បានក្លាយជាមិត្តដ៏ជិតស្និទ្ធ របស់ពួកគេ។ ទោះបីជាយ៉ាងណាក្តី មិត្តភក្តិបែបនេះ ពុំមែនជាមិត្តល្អរបស់កូនអ្នកឡើយ ព្រោះថា វាមានឥទ្ធិពលធ្វើឲ្យកូនរបស់អ្នក ក្លាយជាក្មេងអាក្រក់ដោយមិនដឹងខ្លួន។

ម្យ៉ាងវិញទៀត តាមការសិក្សារបស់មហាវិទ្យាល័យកូឡុំប៊ី សហរដ្ឋអាមេរិក ដែលបានធ្វើការសិក្សា ទៅលើទម្លាប់នៃការមើលទូរទស្សន៍ របស់កុមារក្រោមអាយុ ១៤ឆ្នាំ អស់រយៈពេល ១៧ឆ្នាំមកហើយ ដោយលទ្ធផលបានបង្ហាញឲ្យឃើញថា កុមារដែលមើលទូរទស្សន៍លើសពី ៣ម៉ោងក្នុងមួយថ្ងៃ មានទំនោរទៅរកសកម្មភាពបែបហិង្សា និងមានគំនិតប្រឆាំងគេឯង ជាងកុមារដែលមើលទូរទស្សន៍ តិចជាង ១ម៉ោងក្នុងមួយថ្ងៃ។

សកម្មភាពហិង្សាទាំងនេះមានដូចជា ចូលចិត្តវាយតប់គ្នា ឬប៉ះពាល់រាងកាយអ្នកដទៃ ជួនកាលរហូតដល់មានរបួសស្នាម ឬដល់ថ្នាក់ប្រព្រឹត្តឧក្រិដ្ឋកម្មតែម្តង។ ជាមួយគ្នានេះដែរ សេចក្តីរាយការណ៍ មកពីការសិក្សាស្រាវជ្រាវ បានបង្ហាញឲ្យឃើញថា សម្រាប់ក្មេងប្រុសសកម្មភាព កម្រោលហិង្សា ដែលត្រូវបានជះឥទ្ធិពល ដោយការមើលទូរទស្សន៍ ត្រូវបានសម្តែងចេញ នៅពេលដែលពួកគេ ឈានចូលដល់វ័យជំទង់ ឬពេញកំលោះ។

ចំណែកឯក្មេងស្រីវិញ សកម្មភាពបែបនេះ និងសម្តែងចេញនៅពេលដែលពួកគេ មានអាយុច្រើនប្រមាណ ២២ឆ្នាំឡើងទៅ ប្រសិនបើក្មេងស្រីចូលចិត្តកម្មវិធី ដែលបង្ហាញអំពីអំពើហិង្សា ដូចក្មេងប្រុស៕

You might also like More from author