ចិន​ជម្លៀស​ប្រជា​ជន​ជាង​១លាន​នាក់​ទៅ​កាន់​ទីកន្លែង​សុវត្ថិភាព ចំពោះ​មុខ​ព្យុះ​ទីហ្វុង​ទី៩​ប្រចាំ​ឆ្នាំ​២០១៩

(ប៉េកាំង)៖ ប្រជាជនចិនប្រមាណជាង១លាននាក់រស់នៅក្នុងទីក្រុង វិនលីង (Wenling) ស្ថិតក្នុងខេត្តជីជាំង (Zhejiang) និងទីក្រុងសៀងហៃ ត្រូវបានអាជ្ញាធរជម្លៀសទៅរកកន្លែងមានសុវត្ថិភាព ដោយសារតែព្យុះទីហ្វុង ឡេគីម៉ា (Lekima) កំពុងតែបង្កខ្យល់បោកបក់យ៉ាងសន្ធប់ លាយឡំនិងភ្លៀងធ្លាក់យ៉ាងគំហុក ដែលបានបង្កទៅ ជាគ្រោះរអិលបាក់ដី នៅក្នុងតំបន់ជាប់សមុទ្រភាគខាងកើតប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩។

អាជ្ញាធរចិនបានអះអាងថា ព្យុះទីហ្វុងឡេគីម៉ាបានបង្កជាខ្យល់បោកបក់ក្នុងល្បឿន ១៨៧គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាជាព្យុះទីហ្វុងទី ៩ ហើយដែលបានបោកបក់មកលើទឹកដីចិននៅក្នុងអំឡុងឆ្នាំ២០១៩ នេះតែម្តង។ សម្រាប់បណ្តាខេត្តដែលបាននិងកំពុងទទួលរងគ្រោះដោយសារព្យុះនេះមានដូចជា អានហ៊ុយ (Anhui), ហ៊្វូចៀន (Fujian), ជាំងស៊ូ (Jiangsu) និងជីជាំង (Zhejiang) ដែលសុទ្ធសឹងជាខេត្តជាប់តំបន់ឆ្នេរសមុទ្រភាគខាងកើត និងឦសានចិន។

គួរបញ្ជាក់ផងដែរថា គិតចាប់តាំងពីល្ងាចថ្ងៃសុក្រមិ្សលមិញ អាជ្ញាធរចិនបានបង្កើនកម្រិតប្រកាសអាសន្ន ដល់កំពូល ហើយមនុស្សប្រមាណជាង ៧០០,០០០នាក់ត្រូវបានជម្លៀស និងឈានដល់ជាងមួយលាន នាក់នៅព្រឹកថ្ងៃសៅរ៍នេះ ខណៈមនុស្សប្រមាណ ១១០,០០០នាក់កំពុងស្នាក់នៅជម្រកបណ្តោះអាសន្ន ១២,០០០តង់។ ដោយឡែកជើងហោះហើរជិត ៣០០ត្រូវបានផ្អាក និងផ្លូវរថភ្លើងត្រូវបិទជាបណ្តោះអាសន្ន ព្រមទាំងទូកនេសាទជាង ១៥០គ្រឿងទៀត កំពុងទទួលការហៅឲ្យត្រឡប់ចូលចំណតវិញ៕

You might also like More from author