អារ៉ាប៊ី​សាអូឌីត​ប្រកាស​ថា ពិធី​បុណ្យ​ហាជ​ឆ្នាំ​នេះ មាន​សាស​និក​ឥស្លាម​ចូល​រួម​ជិត២.៥​លាន​នាក់

(រីយ៉ាដ)៖ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានប្រកាសឲ្យដឹងពីតួលេខសរុបនៃអ្នកមកចូលរួមពិធីបុណ្យ ធម្មយាត្រា «ហាជ» ដែលបានកើនដល់២,៤៨៩,៤០៦នាក់ គឺលើសពីឆ្នាំមុនជាងមួយសែននាក់។ នេះបើតាមការ ដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៩។

យោងតាមរបាយការណ៍របស់អាជ្ញាធរស្រង់ស្ថិតិរបស់អារ៉ាប៊ីសាអូឌីត តួលេខសរុបនៃអ្នកធ្វើធម្មយាត្រាមក កាន់ទីក្រុង Mecca គឺក្នុងនោះមាន៦៣៤,៣៧៩នាក់ ដែលស្ថិតក្នុងប្រទេសផ្ទាល់ និង១,៨៥៥,០២៧នាក់ បានធ្វើដំណើរមកគ្រប់ទិសទីជុំវិញពិភពលោក ដើម្បីចូលរួមពិធីបុណ្យដ៏ធំនេះ។

គួរជម្រាបថា ហាជ គឺជាពិធីបុណ្យធម្មយាត្រាប្រចាំឆ្នាំមានរយៈពេល៦ថ្ងៃ និងជាគោលការណ៍គ្រឹះទាំង៥នៃ សាសនាអ៊ីស្លាម ដែលម៉ូស្លីមគ្រប់រូបចាំបាច់ត្រូវតែបំពេញឱ្យខានតែបាន ក្នុងករណី មានលទ្ធភាព និងសមត្ថភាព គ្រប់គ្រាន់។ ឆ្នាំនេះ បុណ្យហាជ បានចាប់ផ្តើមឡើងកាលពី០៩ ខែសីហា នឹងបន្តរហូតដល់ថ្ងៃទី១៤ ខែសីហា៕

You might also like More from author