ស្ថាន​ការណ៍​នៅ​ហុង​កុង​ហាក់​ធូរ​ស្រាល​បន្តិច​វិញ ប៉ុន្តែ​គំរោង​ធ្វើ​បាតុកម្ម​នៅ​តែ​មាន…

(ហុងកុង)៖ ស្ថានការណ៍តានតឹងនៅទីក្រុងហុងកុង ហាក់បានរសាយឡើងវិញនាព្រឹកថ្ងៃចន្ទនេះ ក្រោយបាតុកម្ម និងការប៉ះទង្គិចគ្នាដោយហិង្សារវាងប៉ូលិស និងក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ដែលបានបន្តកើតឡើងជាច្រើន សប្តាហ៍ហើយ ខណៈស្ថានីយរថភ្លើង និងផ្លូវក្រោមដីត្រូវបានបើកដំណើរការជាធម្មតាឡើងវិញ។ យ៉ាងណាមិញ សម្រាប់សប្តាហ៍នេះ គម្រោងសកម្មភាពតវ៉ានៅតែមានដដែល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩។

កាលពីថ្ងៃអាទិត្យម្សិលមិញ មានការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដោយកម្លាំងប៉ូលិសហុងកុង និងការចោលដបសាំង ពីក្រុមបាតុករ នៅតាមតំបន់ខុសៗគ្នានៃទីក្រុងហុងកុង ហើយកំឡុងពេលនោះក៏មានទាំងអ្នករងរបួស និងការចាប់ខ្លួនផងដែរ។ ខណៈ នាព្រឹកថ្ងៃចន្ទនេះមានសភាពស្ងប់ស្ងាត់ ក្រុមបាតុករគ្រោងនឹងបន្តប្រមូលផ្តុំគ្នា នៅព្រលានយន្តហោះអន្តរជាតិហុងកុងក្នុងថ្ងៃនេះទៀត ដែលវានឹងមានរយៈពេល ០៤ថ្ងៃជាប់គ្នា។ ក្រុមអ្នកតវ៉ា ក៏នឹងប្រមូលផ្តុំគ្នានៅក្រៅទីស្នាក់ការប៉ូលិសជាថ្មីទៀត នៅយប់ថ្ងៃចន្ទនេះផងដែរ។

គួរជម្រាបថា គិតចាប់តាំងតែពីបាតុកម្មបានចាប់ផ្តើមឡើងកាលពីជាងពីរខែមុន ប៉ូលិសហុងកុងបានចាប់ខ្លួន មនុស្សជាង ៦០០នាក់ ហើយវាបានប្រែក្លាយពីបាតុកម្មមានគោលដៅប្រឆាំងច្បាប់ធ្វើបត្យាប័ន ដែលបានរលាយ សាបសូន្យហើយនោះ ទៅជាការប្រឆាំងរដ្ឋបាលទីក្រុងហុងកុងតែម្តង។ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ សកម្មភាពតវ៉ានេះកាន់តែផ្ទុះអំពើហិង្សាខ្លាំងឡើងៗ និងបានក្លាយជាវិបត្តិដ៏ធ្ងន់ធ្ងរមួយសម្រាប់តំបន់ស្វ័យ ពិសេសរបស់ចិនមួយនេះ ហើយក៏ជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ទីក្រុងប៉េកាំងផងដែរ៕

You might also like More from author