ជើងហោះហើរ​នៅ​ទីក្រុង​ហុងកុង ត្រូវ​លុប​ចោល​ទាំងអស់ ខណៈ​បាតុកម្ម​អូស​បន្លាយ​មក​ដល់​ថ្ងៃអង្គារ​នេះ

(ហុងកុង)៖ ក្រុមបាតុករបានធ្វើការប្រមូលផ្តុំគ្នាពាសពេញសាល នៃអាកាសយានដ្ឋានអន្តរជាតិទីក្រុងហុងកុង ជាថ្មីទៀតនាថ្ងៃអង្គារនេះ ដែលបង្ខំឲ្យជើងហោះហើរនៅសេសសល់ទាំងប៉ុន្មានត្រូវលុបចោល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០១៩។

វាគឺជាថ្ងៃទីពីរហើយដែលអាកាសយានដ្ឋានហុងកុង ត្រូវបង្ខំលុបចោលជើងហោះហើរ និងជាថ្ងៃទី ០៥ជាប់ៗគ្នា ដែលក្រុមបាតុករបានទៅប្រមូលផ្តុំគ្នាតវ៉ានៅទីនោះ ខណៈ០៣ថ្ងៃដំបូង សកម្មភាពតវ៉ាគឺពុំដល់ថ្នាក់រាំងស្ទះ ចំពោះការធ្វើប្រតិបត្តិការរបស់ព្រលានយន្តហោះ ធ្ងន់ធ្ងរបែបនេះឡើយ។ ក្រោយការលុបចោលជើងហោះហើររាប់រយជើងកាលពីថ្ងៃចន្ទ អាកាសយានដ្ឋានអន្តរជាតិហុងកុង បានបើកដំណើរការឡើងវិញកាលពីព្រឹកនេះ តែឥឡូវត្រូវសម្រេចលុបចោលជើងហោះហើរទៀត។

គួរជម្រាបថា អភិបាលក្រុងហុងកុងលោកស្រី Carrie Lam បានចាត់ទុកថា ការបង្កភាពរាំងស្ទះ និងអស្ថិរភាពទាំងអំបាលម៉ាននៃចលនាបាតុកម្មដើម្បីលទ្ធិប្រជាធិបតេយ្យ កំពុងតែធ្វើឲ្យហុងកុងស្ថិតនៅលើផ្លូវ ដែលមិនអាចត្រឡប់ក្រោយបានឡើយ។ ទន្ទឹមគ្នានេះ ទីក្រុងប៉េកាំងក៏បានថ្កោលទោសសកម្មភាពរបស់បាតុករហុងកុងថា ជាទង្វើស្រដៀងនឹងអំពើភេរវកម្មផងដែរ៕

You might also like More from author