វៀតណាម ចង់​ឱ្យ​ប្រជាជន​ខ្លួន​ឈប់​ប្រើ Facebook ដោយ​បង្កើត​បណ្ដាញ​ទំនាក់​ទំនង​សង្គម នៅ​ក្នុង​​ស្រុក​ឱ្យ​កាន់​តែ​ច្រើន

(ហាណូយ)៖ រដ្ឋាភិបាលវៀតណាម មានផែនការដាក់​ឱ្យប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ផលិត នៅក្នុងស្រុកឱ្យបានកាន់តែច្រើន ដើម្បីឱ្យប្រជាជនរបស់ខ្លួនឈប់ប្រើប្រាស់ Facebook។ នេះបើ តាមក្រុមហ៊ុន Gapo Technology ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Nikkei Asia Review នៅថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩។​

ក្រុមហ៊ុន Gapo Technology មានមូលដ្ឋាននៅក្នុងទីក្រុងហាណូយ បានប្រកាសដាក់ឱ្យប្រើប្រាស់ នូវបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួនឈ្មោះ Gapo កាលពីថ្ងៃទី២៣ ខែកក្កដា ហើយបើគិត មកទល់នឹងពេលនេះ មានបណ្ដាញទំនាក់ទំនងសង្គមវៀតណាមចំនួនបីហើយ ត្រូវបានដាក់ឱ្យ ដំណើរការណ៍ ខណៈពីរទៀតគ្រោងនឹងបង្ហាញខ្លួននៅឆមាសទី២ ឆ្នាំ២០១៩នេះ។

លើសពីនេះទៅទៀត ការប្រកាសពី Gapo កើតមានឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពី រដ្ឋមន្ត្រីព័ត៌មាន និងទូរគមនាគមន៍វៀតណាម លោក Nguyen Manh Hung បានថ្លែងទៅកាន់ ក្រុមជំនាញព័ត៌មានវិទ្យាក្នុងទីក្រុងហូជីមិញ កាលពីថ្ងៃទី១៦ ខែកក្កដា ថាលោកចង់ឃើញ បណ្ដាញទំនាក់ទំនងសង្គមវៀតណាមកាន់តែច្រើនឡើង ត្រូវដាក់ឱ្យដំណើរការដើម្បីប្រកួតប្រជែង ជាមួយក្រុមហ៊ុន Facebook។

គួរបញ្ជាក់ថា បច្ចុប្បន្ន ប្រជាជនវៀតណាម ៦០លាននាក់ ក្នុងចំណោមប្រជាជនសរុប៩៦លាននាក់ កំពុងប្រើប្រាស់ Facebook។ ក៏ប៉ុន្តែ បើតាមនាយកប្រតិបត្តិក្រុមហ៊ុន Gapo លោក Ha Trung Kien ប្រជាជនវៀតណាម៥០លាននាក់ អាចនឹងងាកមកប្រើ Gapo នៅត្រឹមឆ្នាំ២០២១៕

You might also like More from author