អាមេរិក​អាច​ពន្យារ​ពេល​៩០​ថ្ងៃ​ទៀត ដើម្បី​ឲ្យ​ក្រុម​ហ៊ុន​ខ្លួន​អាច​លក់​ផលិត​ផល​ដល់ Huawei ខណៈ​ការ​ពន្យារ​លើក​ទី១​នឹង​ផុត​កំណត់​ឆាប់ៗ​នេះ…

(វ៉ាស៊ីនតោន)៖ ប្រភពពីមន្ត្រីក្នុងជួររដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានបង្ហើបឲ្យដឹងថា ក្រសួងពាណិជ្ជកម្មអាមេរិក បានត្រៀមខ្លួនរួចហើយ ដើម្បីបន្តពន្យារពេលលើកលែងថែមទៀត សម្រាប់ការអនុវត្តទណ្ឌកម្មលើក្រុមហ៊ុន Huawei ដែលជាប់នៅក្នុងបញ្ជីខ្មៅ ខណៈការសន្យារបស់លោក ដូណាល់ ត្រាំ ដែលថានឹងបន្ធូរបន្ថយការរឹតត្បិត លើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ នៅតែពុំទាន់ចេញជាលទ្ធផលជាក់ស្តែង។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០១៩។

បើតាមប្រភពខាងលើក្រសួងពាណិជ្ជកម្មអាមេរិកទំនងជានឹងប្រកាសបន្តពន្យារពេល ៩០ថ្ងៃទៀត សម្រាប់ការ អនុវត្តទណ្ឌកម្មលើក្រុមហ៊ុន Huawei ដើម្បីបន្ធូរបន្ថយបញ្ហាសម្រាប់ក្រុមហ៊ុនអាមេរិកផ្ទាល់។ Huawei និងបណ្តា ក្រុមហ៊ុនជាបុត្រសម្ព័ន្ធរបស់ខ្លួន ត្រូវបានរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនកត់ឈ្មោះចូលក្នុងបញ្ជីខ្មៅក្រោម ហេតុផលសន្តិសុខជាតិ កាលពីខែឧសភាកន្លងទៅ។

បម្រាមនោះហាមក្រុមហ៊ុន Huawei ទិញបច្ចេកវិទ្យាពីអាមេរិក ឬក៏មានទំនាក់ទំនងអាជីវកម្មជាមួយក្រុមហ៊ុន អាមេរិក ដោយពុំមានការអនុញ្ញាតពីរដ្ឋាភិបាលអាមេរិកឡើយ។ ការសម្រេចដូច្នោះ បានកើតឡើងចំពោះមុខ សង្រ្គាមពាណិជ្ជកម្ម ដ៏តានតឹងរវាងសហរដ្ឋអាមេរិក និងចិន។ ប៉ុន្តែនាពេលនោះអាមេរិកបានផ្តល់ការលើកលែង បណ្តោះអាសន្ន ដោយអនុញ្ញាតឲ្យ Huawei បន្តរកស៊ីនិងទិញបច្ចេកវិទ្យាពីក្រុមហ៊ុនអាមេរិកជាធម្មតា សម្រាប់រយៈពេល ៩០ថ្ងៃ ខណៈវានឹងត្រូវផុតសុពលភាពនៅ ថ្ងៃទី១៩ ខែសីហានេះហើយ។

ការគ្រោងបន្តពន្យារពេលអនុវត្តទណ្ឌកម្មលើ Huawei នេះគឺស្របពេលដែលលោក ត្រាំ មិនទាន់អាចបំពេញ ពាក្យសន្យាកាលពីខែមិថុនា ដែលថានឹងផ្តល់អាជ្ញាប័ណ្ណអនុញ្ញាតឲ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក លក់ផលិតផលមួយចំនួន ដែលប៉ះពាល់សន្តិសុខជាតិអាមេរិកឲ្យក្រុមហ៊ុន Huawei តែមកទល់ពេលនេះ មិនទាន់ឃើញសាច់ការអ្វីនៅឡើយទេ។

គួរជម្រាបថា កាលពីដើមសប្តាហ៍នេះ រដ្ឋាភិបាលអាមេរិកទើបតែចាប់ផ្តើមអនុវត្តជាផ្លូវការ នូវការហាមឃាត់ ស្ថាប័នរដ្ឋរបស់ខ្លួន ទិញផលិតផលនិងសេវាកម្មពីបណ្តាក្រុមហ៊ុន បច្ចេកវិទ្យាចិនដែលជាពិសេសគឺ Huawei និង ZTE។ បន្ថែមពីនេះការពន្យាពេលក្នុងការអនុវត្តទណ្ឌកម្មលើ Huawei នេះក៏ជាការបញ្ចៀសការខាតបង់ របស់ក្រុមហ៊ុនធំៗមួយចំនួនរបស់អាមេរិកផងដែរ៕

You might also like More from author