ការ​បាញ់​តេស្ត​មីស៊ីល​ថ្មីៗ​នេះ​គឺ​លោក គីម ជុងអ៊ុន ជា​អ្នក​ដឹក​នាំ​ដោយ​ផ្ទាល់ ខណៈ​អ្នក​វិភាគ​វិញ​កំពុង​ព្រួយ​បារម្ភ…

(សេអ៊ូល)៖ ជាថ្មីម្តងទៀតប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានបញ្ជាក់នៅថ្ងៃសៅរ៍ ទី១៧ ខែសីហានេះថា ការបាញ់សាកល្បងអាវុធថ្មីកាលពីថ្ងៃសុក្រម្សិលមិញ គឺលោក គីម ជុង អ៊ុន ប្រមុខដឹកនាំកំពូលគឺជាអ្នកដឹកនាំ ដោយផ្ទាល់ ខណៈអ្នកវិភាគមើលឃើញថា វានឹងធ្វើឲ្យមានភាពកាន់តែស្មុគស្មាញបន្ថែមទៀត ដល់កិច្ចខិតខំ ប្រឹងប្រែង ដើម្បីចាប់ផ្តើមកិច្ចចរចាឡើងវិញរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍។

បើតាមយោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីយ៉ាងហោចចំនួន ០២គ្រាប់កាលពីថ្ងៃសុក្រម្សិលមិញ ដែលនេះគឺជាលើកទី ៦ ហើយគិតចាប់តាំងពីថ្ងៃទី២៥ ខែកក្កដាមក។ ប្រការនេះបានធ្វើឲ្យអ្នកវិភាគមើលឃើញថា វានឹងធ្វើឲ្យមានភាពកាន់តែស្មុកស្មាញបន្ថែមទៀតដល់កិច្ចខិតខំ ប្រឹងប្រែង ដើម្បីចាប់ផ្តើមកិច្ចចរចាឡើងវិញ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងជុំវិញកម្មវិធីអាវុធន៊ុយក្លេអ៊ែ របស់ក្រុងព្យុងយ៉ាង។

គួរជម្រាបថា កាលពីម្សិលមិញក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា លោក ស្ទេហ្វិន ប៊ីហ្គាន់ (Stephen Biegun) ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក សម្រាប់កូរ៉េខាងជើង នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូងនៅសប្តាហ៍ក្រោយ ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ដើម្បីធានានូវការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

ព័ត៌មាននៃដំណើរទស្សនកិច្ចខាងលើនេះ បានលេចឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា លោក គីម បានប្រាប់លោកថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តកិច្ចចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកម្តងទៀត នៅពេលដែលសមយុទ្ធ យោធាអាមេរិក-កូរ៉េខាងត្បូង នឹងបិទបញ្ចប់នៅចុងខែនេះ៕

You might also like More from author