អ្នកជំនាញ​បារាំង​ថា «ភាព​ចលាចល​នៅ​ហុងកុង គឺជា​ផែនការ​យ៉ាង​ល្អ​ឥតខ្ចោះ រៀបចំ​ឡើង​ដោយ​កម្លាំង​ពី​ខាងក្រៅ»

(ប៉ារីស)៖ យោងតាមអ្នកជំនាញបារាំងបានឱ្យដឹងថា កម្លាំងពីខាងក្រៅបាននិងកំពុងព្យាយាម បង្កឱ្យមានអស្ថិរភាពនៅលើដែនដីហុងកុង ប៉ុន្តែវានឹងមិននាំទៅរកលទ្ធផលល្អនោះទេ ខណៈភាពស្ងប់ស្ងាត់គឺជាអ្វីដែលដែនដីមួយនេះ ត្រូវការចាំបាច់បំផុត សម្រាប់ការអភិវឌ្ឍបន្ថែមទៀតនាពេលបច្ចុប្បន្ននេះ។ នេះបើតាមចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហ៊ួ នាល្ងាចថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ ២០១៩។

លោក ព្យែរ ពីកក្វាត (Pierre Picquart) ដែលជាបណ្ឌិតផ្នែកភូមិសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យប៉ារីស (Paris-VIII University) និងជាអ្នកជំនាញឯកទេសលើកិច្ចការប្រទេសចិនបានអះអាងថា អ្វីដែលកំពុងកើតឡើងនៅហុងកុង គឺជាសកម្មភាពដែលបានរៀបចំទុកយ៉ាងល្អឥតខ្ចោះ ដោយកំលាំងអន្តរាគមន៍ពីខាងក្រៅ។

លោកបានមានគូសបញ្ជាក់យ៉ាងដូច្នេះថា «សូមកុំភ្លេចថាទាំងហុងកុង និងម៉ាកាវ គឺសុទ្ធតែជាតំបន់រដ្ឋបាលពិសេសដែលបានប្រគល់មកឲ្យចិនវិញ ដោយមានប្រវត្តិច្របូកច្របល់បំផុត… សព្វថ្ងៃមានការប៉ុនប៉ងទាំងក្នុង និងក្រៅ ដើម្បីបំបែកតំបន់ទំាងពីរចេញចិនដីគោក ដោយយ៉ាងហោចណាស់ក៏ដើម្បីបង្កឲ្យមានបញ្ហា និងភាពវឹកវរដែរ»

ជាមួយគ្នានេះ លោក គ្រីស្ទីន ប៊ែរ (Christine Bierre) ដែលជានិពន្ធនាយកនៃទស្សនាវដ្តី នូវែល សូលីឌែរីតេ (Nouvelle Solidarite) និងជាអ្នកជំនាញមកពីវិទ្យាស្ថាន ស្គីលែរ ហ្វ្រង់ (Schiller France) ក៏បានអះអាងស្រដៀងគ្នានេះដែរ ដោយលោកបានសង្កត់ធ្ងន់ថា អ្វីដែលកំពុងកើតឡើងនៅទីក្រុងហុងកុង ច្បាស់ណាស់គឺជាការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដែលគាំទ្រដោយអ្នកអភិរក្សនិយមថ្មីនៅសហរដ្ឋអាមេរិក។ ដោយឡែក ចក្រភពអង់គ្លេសដែលជាអតីតមហាអំណាចអាណានិគម ក៏បានដើរតួនាទីក្នុងកិច្ចការនេះផងដែរ។

លោក Bierre បានប្រាប់ទីភ្នាក់ងារព័ត៌មានស៊ីនហ៊ួ យ៉ាងដូច្នេះថា «អស្ថិរភាពនេះ វាបានកើតឡើង… ចំពេលពេលដែលសហរដ្ឋអាមេរិក កំពុងតែមានសង្គ្រាមពាណិជ្ជកម្ម និងរូបិយវត្ថុជាមួយចិន»។ ដោយឡែកក្នុងក្រសែភ្នែករបស់អ្នកជំនាញបារាំង លោក ដេវីដ កូស្សេត (David Gosset) វិញបានបង្ហាញការយល់ឃើញថា «ហុងកុងគឺជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់ចេញពីសាធារណរដ្ឋប្រជាមានិតចិនបានទេ ខណៈដែនដីមួយនេះទទួលបានស្វ័យភាពកម្រិតខ្ពស់ ដូចអ្វីដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ»
ក្រុមជំនាញក៏បានរំលេចផងដែរថា ផលិតផលក្នុងស្រុកសរុបរបស់មនុស្សម្នាក់ៗនៅហុងកុងគឺខ្ពស់, សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋប្រមាណ ៧លាននាក់ត្រូវបានការពារយ៉ាងល្អ និងទីក្រុងគួរតែមានមោទនភាពចំពោះសន្ទស្សន៍ នៃការអភិវឌ្ឍន៍ធនធានមនុស្ស។
លោក Gosset បាននិយាយយ៉ាងដូច្នេះថា «បុគ្គលខ្លះប្រហែលជារីករាយ ដែលបានមើលឃើញភាពច្របូកច្របល់កើតមានក្នុងទីក្រុងហុងកុង ហើយអង្គការខ្លះថែមទាំងចង់បង្កអស្ថិរភាពថែមទៀត»

គួរបញ្ជាក់ថា ប្រទេសចិនផ្ទាល់បានចោទប្រកាន់ត្រង់ៗទៅកាន់សហរដ្ឋអាមេរិក ថាជាអ្នកនៅពីក្រោយបង្កចលាចលក្នុងទីក្រុងហុងកុង និងបានព្រមានជាច្រើនលើកច្រើនសាមកហើយឲ្យអាមេរិកដកបាតដៃពណ៌ខ្មៅរបស់ខ្លួន ចេញពីទីក្រុងចិនមួយនេះជាបន្ទាន់។ ទីក្រុងហុងកុងត្រូវបានចក្រភពអង់គ្លេស ប្រគល់ទៅឲ្យចិនដីគោកវិញកាលពីខែកក្កដា ឆ្នាំ១៩៩៧ ក្រោមកិច្ចព្រមព្រៀងផ្តល់សិទ្ធិស្វ័យភាពពិសេស។ ដោយសារតែបែបនេះហើយ ទើបទីក្រុងនៃភាគនិរតីចិនមួយនេះ បានទទួលការរីកចំរើនយ៉ាងខ្លាំង និងក្លាយជាទីក្នុងសេដ្ឋកិច្ចរីកលូតលាស់លេខ ១ ប្រចាំទ្វីបអាស៊ីជាច្រើនឆ្នាំជាប់ៗគ្នា៕

You might also like More from author