មនុស្ស​ចាស់ៗ​នៅ​ហុងកុង​សម្តែង​ការ​ប្រឆាំង៖ «ពួក​ក្មេងៗ​ទាំង​នោះ​កំពុង​តវ៉ា​រក​សេរីភាព តាម​វិធី​សម្លាប់​ខ្លួន​ឯង និង​បំផ្លាញ​សេរី​ភាព​អ្នក​ដទៃ»

(ហុងកុង)៖ យោងតាមកិច្ចសម្ភាសន៍បែបស្ទាបស្ទង់មតិរបស់សារព័ត៌មានសិង្ហបុរី CNA ចាស់ទុំនៅទីក្រុងហុងកុង ហាក់ពុំគាំទ្រសកម្មភាពតវ៉ារបស់ក្រុមបាតុករ ដែលជាយុវជន-យុវតីនោះឡើយ ហើយជាទូទៅពួកគេគាំទ្រ ចំណាត់ការរបស់ប៉ូលិស ជុំវិញការបង្រ្កាបការបង្កចលាចល និងការរំខាននានាដែលបានអូសបន្លាយក្នុង ទីក្រុងហុងកុង ជាច្រើនសប្តាហ៍មកហើយនេះ។

ប្រជាជនវ័យចំណាស់ភាគច្រើននៅហុងកុងយល់ឃើញថា សកម្មភាពដែលបាតុករបានប្រព្រឹត្តថ្មីៗនេះ ដូចជ្រុលហួសហេតុពេក ជាពិសេសកាលពីសប្តាហ៍មុនតែម្តង ដែលមានការប៉ះទង្គិចគ្នាខ្លាំង និងការបង្កភាពរាំង ស្ទះដល់ប្រតិបត្តិការនៅព្រលានយន្តហោះ។

ម៉្យាងវិញទៀត ខណៈក្រុមបាតុករចោទប្រកាន់ថា កម្លាំងប៉ូលិសបានធ្វើសកម្មភាពបង្រ្កាបយ៉ាងហិង្សាទៅ លើពួកខ្លួន មនុស្សចាស់ៗនៅទីក្រុងហុងកុងបានគូសបញ្ជាក់ថា បើតាមការមើលឃើញ ប៉ូលិសបានប្រើចំណាត់ ការឆ្លើយតបដោយសាកសម គឺប្រើដៃធ្ងន់តបទៅវិញតែក្នុងករណីចាំបាច់ ឬក៏បាតុករគប់វត្ថុផ្សេងៗទៅលើពួកគេ ប៉ុណ្ណោះ។ មួយចំនួនថែមទៀតគិតថា ប៉ូលិសហាក់រៀងបន្ធូរបន្ថយដៃផង បើធៀបនឹងការបង្រ្កាបរបស់ប៉ូលិសនៅ ប្រទេសដទៃទៀត។

ខ្លះទៀតបានលើកឡើងថា ពួកយុវវ័យដែលធ្វើបាតុកម្ម កំពុងតែបង្កឲ្យទីក្រុងដែលផ្តល់ទីកំណើត និងជម្រកដល់ ពួកគេទទួលរង ការខាតបង់ប្រយោជន៍ជាខ្លាំង។ មួយវិញទៀត ស្របពេលដែលចង់បានសេរីភាពសម្រាប់ខ្លួនឯង ពួកគេជាក់ស្តែងកំពុងបំផ្លាញ សេរីភាពរបស់អ្នកដទៃទៀតនៅក្នុងទីក្រុងហុងកុង។

គួរជម្រាបថា ចលនាបាតុកម្មនៅហុងកុង បានចាប់ផ្តើមឡើងកាលពីខែមិថុនា ដើម្បីប្រឆាំងនឹងផែនការអនុម័ត ច្បាប់ធ្វើបត្យាប័នដ៏ចម្រូងចម្រូសមួយ ដែលមានគោលដៅប្រគល់ខ្លួនជនសង្ស័យនៅហុងកុង ឲ្យប្រឈមមុខ ច្បាប់របស់រដ្ឋាភិបាលចិនដីគោក។ ជុំវិញបញ្ហានេះទាំងទីក្រុងប៉េកាំង និងអ្នកជំនាញអន្តរជាតិជាច្រើនសុទ្ធតែ បានអះអាងថា បាតដៃខ្មៅ ឬបាតដៃទីបីគឺស្ថិតនៅពីក្រោយការដុតកំហឹងយុវវ័យ នៅក្នុងទីក្រុងហុងកុងនេះ។

ទោះបីអភិបាលក្រុងហុងកុង បានយល់ព្រមលុបចោលគម្រោងនេះក៏ដោយ សកម្មភាពតវ៉ានៅតែបន្តរហូត មកដល់ពេលនេះពោលគឺ ១១សប្តាហ៍ហើយ ខណៈហិង្សាប៉ះទង្គិចគ្នាជាមួយប៉ូលិសកាន់តែកើនឡើង ខណៈពីដំបូងៗគឺបានប្រព្រឹត្តទៅដោយសន្តិវិធី និងពុំមានការបង្កក្តីរំខានធ្ងន់ធ្ងរ នៅក្នុងទីក្រុងដូចមួយរយៈចុង ក្រោយនេះទេ៕

You might also like More from author