ទីបំផុត​កែវ​យឺត​អវកាស​សម្រាប់​ឆ្លុះ​រក​ភព Alien ត្រូវ​ដំឡើង​រួច​រាល់​ជា​ស្ថាពរ​ហើយ!

(អាមេរិក)៖ កែវយឺតអវកាសខ្នាតធំជំនាន់ថ្មីចុងក្រោយបំផុត របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ត្រូវបាន ដំឡើងរួចរាល់ជាស្ថាពរហើយ ក្រោយការធ្វើតេស្តផ្ទាំងកញ្ចក់សំខាន់មួយ ដោយជោគជ័យកាលពីខែកក្កដា។ នេះបើតាមការចេញផ្សាដោយវែបសាយព័ត៌មាន Space នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩។

អង្គការ NASA បានប្រកាសឲ្យដឹងនាថ្ងៃពុធសប្តាហ៍នេះថា កែវយឺតអវកាស James Webb បានលេចចេញ រូបរាងពេញលក្ខណៈហើយ បន្ទាប់ពីក្រុមវិស្វកររបស់ខ្លួន បានផ្តុំចូលគ្នានូវគ្រឿងបរិក្ខាផ្សេងៗ។ វាជាជោគជ័យ ធំមួយរបស់ទីភ្នាក់ងារអវកាស NASA ខណៈគម្រោងអភិវឌ្ឍន៍កែវយឺតអវកាសនេះ បានជួបការពន្យារពេល ជាច្រើនលើក និងថវិកាសម្រាប់ចំណាយក៏លើសច្រើនខ្លាំងផងដែរ ពោលគឺគម្រោងថវិកាបានកើនឡើង ស្ទើរតែទ្វេដង រីឯបើធៀបនឹងកាលបរិច្ឆេទដំបូងវិញ គឺវាត្រូវបានពន្យារជិត០៧ឆ្នាំ។

គួរជម្រាបថា ជាជំហានបន្ទាប់ទៀត NASA នឹងធ្វើការតេស្តសាកល្បងផ្សេងៗលើកែវយឺតអវកាសនេះ ដើម្បីធានា ថានៅពេល បាញ់បង្ហោះឡើងទីអវកាសនៅខែមីនា ឆ្នាំ២០២១ James Webb នឹងធ្វើប្រតិបត្តិការដោយពុំមាន បញ្ហានៅចម្ងាយប្រហែល ១.៥លានគីឡូម៉ែត្រពីផែនដី។ កែវយឺតអវកាសនេះមានលក្ខណៈពិសេសបំផុត ដោយវាអាចចោលមុខព្រួញទៅរកភពណាមួយនៅប្រព័ន្ធផ្កាយផ្សេង ដែលគេគិតថាអាចមានជិវិតនោះ ដើម្បីបានដឹងពីធាតុផ្សំនៃបរិយាកាសរបស់ភពនោះបាន ហើយនៅពេលដឹងអំពីធាតុផ្សំហើយ វាពិតណាស់ ថាការវិភាគអំពីជីវិតនឹងងាយស្រួលបំផុត៕

You might also like More from author