យាន​រុករក​របស់​ចិន Yutu-2 ប្រទះ​ឃើញ​សារធាតុ​ចម្លែក​ម្យ៉ាង​ដូច​ជែល នៅ​លើ​ផ្នែក​ម្ខាង​ទៀត​នៃ​ព្រះច័ន្ទ

(ប៉េកាំង)៖ យានរុករករបស់ចិន Yutu-2 បានជួបប្រទះសារធាតុចម្លែកម៉្យាង មានលក្ខណៈដូចជែល (Gel) នៅតំបន់ចំហៀងម្ខាងទៀតរបស់ព្រះច័ន្ទ បន្ទាប់ពីវាបានចំណាយពេលស្រាវជ្រាវប្រមាណ ០៨ខែមកហើយនៅ ទីនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០១៩។

គំបកគំហើញខាងលើបានកើតមានឡើង កាលពីចុងខែកក្កដាកន្លងទៅ។ នាពេលនេះក្រុមការងារគ្រប់គ្រងយាន Yutu-2 បាន ស្នើសុំជំនួយពីក្រុមអ្នកជំនាញបន្ថែមទៀត ក្នុងការបន្តពិនិត្យមើលដោយលម្អិតទៅលើសារធាតុនោះ ដែលត្រូវបានរកឃើញក្នុងរណ្តៅតូចមួយ។ ការបន្តសិក្សាស្រាវជ្រាវរបស់យាន Yutu-2 ជាបន្តបន្ទាប់ទៀតនៅលើ ឋានព្រះច័ន្ទត្រូវគេរំពឹងថា នឹងអាចរួមចំណែកក្នុងការជួយផ្ទៀងផ្ទាត់នូវទ្រឹស្តីជាច្រើន ពាក់ព័ន្ធនឹងការកកើតឡើង នៃព្រះច័ន្ទ។

គួរជម្រាបថា យានរុករក Yutu-2 បានទៅដល់ផ្ទៃមួយចំហៀងទៀតរបស់ព្រះច័ន្ទ ដែលមិនបែរមករកផែនដី តាមរយៈបេសកកម្ម Chang’e-4 របស់ចិន ដែលត្រូវបានបញ្ជូនចេញពីផែនដីកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ហើយវាបានចុះចតដោយជោគជ័យ នៅតំបន់រណ្តៅអាចម៍ផ្កាយ វ៉ុនខាមែន (Von Karman) កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩៕

You might also like More from author