សង្គ្រាម​មនុស្ស​យន្ត? យោធា​អាមេរិក​កំពុង​សម្ងំ​ផលិត «គ្រឿង​យន្ត​រ៉ូបូត-AI» ទុក​ធ្វើ​សង្គ្រាម​ជំនួស​​មនុស្ស

(វ៉ាស៊ីនតោន)៖ វែបសាយព័ត៌មានពាក់ព័ន្ធវិស័យការពារជាតិ Defense One បានរាយការណ៍ថា យោធាអាមេរិកកំពុងបន្តអភិវឌ្ឍន៍គ្រឿងយន្ត-រ៉ូបូត ឬមនុស្សយន្តសម្រាប់ធ្វើសង្រ្គាមនាពេលអនាគត។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាមវែបសាយ Defense One ការធ្វើតេស្តជាសម្ងាត់នៃគ្រឿងយន្តរ៉ូបូត​សម្រាប់ធ្វើសង្រ្គាម កំពុងតែបន្តប្រព្រឹត្តទៅ​នៅកោះវ៉ាលឡូបស៍ (Wallops) រដ្ឋវើជីនៀ (Virginia) ដែលស្ថិតនៅក្រោម​កម្មវិធីរបស់កងម៉ារីនអាមេរិកហៅថា ស៊ីម៉ប (Sea Mob) ខណៈការធ្វើតេស្តទាំងនោះគឺជាការបោះជំហានធំមួយ ក្នុងកិច្ចប្រឹងប្រែងអភិវឌ្ឍប្រព័ន្ធសព្វាវុធ ដែលអាចមានបញ្ញាសិប្បនិម្មិត (AI) ដើម្បីប្រើប្រាស់នៅលើសមរភូមិនាថ្ងៃអនាគត។

គួរជម្រាបថា បើតាមអតីតអនុរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក រ៉ូប៊ឺត វើក (Robert Work) លោកទទួលស្គាល់ថា នៅអនាគតការប្រើប្រាស់គ្រឿងយន្តរ៉ូបូតនៅលើសមរភូមិ​គឺជារឿងចាំបាច់ ប៉ុន្តែលោកក៏បានទទួលស្គាល់ការពិតដែរថា គ្រឿងយន្តទោះមានបញ្ញាសិប្បនិម្មិតក៏ដោយ ក៏អាចបង្កើតកំហុសឆ្គងដែរ។ យ៉ាងណាមិញ លោកបានសង្កត់ធ្ងន់ថា ហេតុនេះហើយទើបត្រូវធ្វើតេស្តលើពួកវា ឲ្យផ្ចិតផ្ចង់ជាទីបំផុតដើម្បីអាចជឿជាក់បានថា គ្រឿងយន្តរ៉ូបូតទាំងនោះ នឹងធ្វើតាមអ្វីដែលវាត្រូវបានរចនាឡើងហើយសង្ឃឹមថា នឹងអាចបកស្រាយ​អំពីមូលហេតុនៃការសម្រេចចិត្តរបស់ពួកវាថែមទៀតផង៕

You might also like More from author