ចិនព្រមាន​បរទេស​កុំ​លូកដៃ​ឲ្យ​​សោះ ក្រោយ​ក្រុម​បាតុករ​សម្រុក​ទៅ​មុខ​កុងស៊ុល​អាមេរិក និង​ស្នើ​ឲ្យ​​លោក ត្រាំ ជួយ​រំដោះ​ហុងកុង

(ហុងកុង)៖ រដ្ឋាភិបាលទីក្រុងហុងកុងបានចេញមុខព្រមាន ទៅនឹងការលូកដៃចូលអន្តរាគមន៍ពីបរទេស ក្រោយក្រុមបាតុករទើបតែនាំគ្នាដង្ហែរក្បួនតវ៉ាទៅដល់ស្ថានកុងស៊ុលអាមេរិក និងប្រកូកប្រកាសសុំការជួយជ្រោមជ្រែងពីទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០១៩។

នាថ្ងៃចន្ទនេះអ្នកនាំពាក្យរដ្ឋបាលពិសេសហុងកុង បានព្រមានប្រឆាំង ចំពោះការចង់លូកដៃពីបរទេសមកក្នុងបញ្ហាក្រុងហុងកុង ខណៈកាលពីថ្ងៃអាទិត្យ ក្រុមបាតុករបានប្រមូលផ្តុំគ្នា នៅពីមុខស្ថានកុងស៊ុលអាមេរិកប្រចាំហុងកុង ដើម្បីគាំទ្រឲ្យសភាអាមេរិកអនុម័តច្បាប់មួយ ពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្សនៅទីក្រុងហុងកុង និងបានស្នើឲ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មកជួយរំដោះទីក្រុងស្វយ័តរបស់ចិននេះថែមទៀតផង។

ជាមួយគ្នានេះ រដ្ឋបាលទីក្រុងហុងកុងបានថ្កោលទោស ចំពោះទង្វើលក្ខណៈជ្រុលនិយម របស់ក្រុមបាតុករដែលបានវាយបំផ្លាញ ទ្រព្យសម្បត្តិសាធារណៈ ដុតភ្លើង និងបិទច្រកផ្លូវ នៅស្ថានីយរថភ្លើងមួយកន្លែងផងដែរកាលពីម្សិលមិញនេះ ដែលជាសប្តាហ៍ទី ១៤ហើយ នៃចលនាបាតុកម្មនៅហុងកុង។

គួរជម្រាបថា ក្រោយពីក្រុមបាតុករបានទៅប្រកូកប្រកាស សុំការជួយជ្រោមជ្រែងពីអាមេរិក ស្ថាប័នសារព័ត៌មាននៃរដ្ឋាភិបាលចិន នាថ្ងៃចន្ទនេះបានព្រមានថា ទីក្រុងហុងកុងគឺជាដែនដី ដែលមិនអាចកាត់ផ្តាច់បានជាដាច់ខាតរបស់ចិន ហើយចលានាចង់បំបែករដ្ឋក្នុងទម្រង់ណាមួយ នឹងកម្ទេចចោលដោយគ្មានការអត់ឱនឡើយ៕

You might also like More from author