មនុស្ស​១៥៧​នាក់ ត្រូវ​បាន​ចាប់​ខ្លួន កំឡុង​បាតុកម្ម​តវ៉ា កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ

(ហុងកុង)៖ ប៉ូលិសទីក្រុងហុងកុង នៅថ្ងៃចន្ទនេះ បានឱ្យដឹងថាមនុស្សសរុប ១៥៧នាក់ ក្នុងនោះមានទាំង ក្មេងមានអាយុចាប់ពី១៣ឆ្នាំឡើង ត្រូវបានចាប់ខ្លួនកំឡុងបាតុកម្មតវ៉ា កាលពីចុងសប្ដាហ៍កន្លងទៅ។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍ ប៉ូលិសហុងកុង ក៏បានបញ្ជាក់ដែរថាមនុស្សទាំង១៥៧នាក់ ខាងលើ ត្រូវបាន ចាប់ខ្លួន កំឡុងបាតុកម្មតវ៉ានៅចន្លោះពីម៉ោង៥ល្ងាច កាលពីថ្ងៃសុក្រ និងម៉ោង៨ព្រឹក ថ្ងៃចន្ទនេះ ហើយ ក្នុងចំណោមអ្នក ទាំងនេះទៀតសោត មាន១២៥នាក់ជាបុរស និងស្ត្រី៣២នាក់ ដែលមានអាយុចាប់ពី ១៣ឆ្នាំ រហូតដល់៦៣ឆ្នាំ។

គួរជម្រាបថា បាតុកម្មតវ៉ាកាលពីចុងសប្ដាហ៍កន្លង នៅតែបន្តមានអំពើហិង្សាផ្ទុះឡើង ស្របពេលក្រុម បាតុករប្រកាន់ជំហរធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលទីក្រុងហុងកុង ដដែល បើទោះជាសេចក្ដីព្រាងច្បាប់ ធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក ត្រូវបានលុបចោលក៏ដោយ។ ពួកគេបានបន្ថែមការទាមទារឱ្យ ដោះលែងក្រុមបាតុករ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន ជាពិសេសគឺអំពាវនាវឱ្យនាយកប្រតិបត្តិ ក្រុងហុងកុងលោកស្រី Carrie Lam ចុះចេញពីតំណែង៕

You might also like More from author