ស៊ីរី​ចាប់​ផ្តើម​ស្តារ​ប្រទេស​ឡើង​វិញ​យ៉ាង​លំបាក​វេទនា

(អាឡេប៉ូ)៖ អាជ្ញាធរស៊ីរីបាននិងកំពុងជួសជុលឡើងវិញ នូវហេដ្ឋរចនាសម្ព័ន្ធនានា នៅក្នុងទីក្រុងអាឡេប៉ូ (Aleppo) ដែលរងការបំផ្លិចបំផ្លាញដោយសារសង្រ្គាម ក្នុងនោះផ្សារលក់ម្ហូបអាហារ សួកអាល់ហាល់ (Souq al-Hal) ក៏ត្រូវបានគេរំពឹងផងដែរថា នឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរស៊ីរីរាល់បណ្ដាញទំនាក់ទំនង និងទីផ្សារ នឹងត្រូវបានជួសជុលកែលម្អឡើងវិញ ហើយមិនតែ ប៉ុណ្ណោះផ្សារទំនើបថ្មីមួយ ក៏នឹងត្រូវសាងសង់នៅក្បែរផ្សារលក់ម្ហូបទៀតផង ដើម្បីជួយចូលរួមចំណែកស្ដារ សេដ្ឋកិច្ចជាតិឡើងវិញ។ វាជាការស្តារឡើងវិញដ៏ត្រដាបត្រដួស តែមិនវេទនាដូចខេត្តដារ៉ាអានោះឡើយ ដែលទីនោះគឺរងការខ្ទេចខ្ទាំបំផុត ដោយសារតែសង្គ្រាមដែលបានអូសបន្លាយជាង ៨ឆ្នាំ។

សង្រ្គាមស៊ីរីបានផ្ទុះឡើងតាំងពីឆ្នាំ២០១១ ហើយវាបានធូរស្រាលខ្លាំងឈានមកដល់ឆ្នាំ២០១៩ ហើយបើទោះជា ការវាយប្រយុទ្ធគ្នា នៅតែបន្តកើតឡើងក៏ដោយ ក៏អ្វីដែលជារឿងសំខាន់បច្ចុប្បន្ននេះ គឺស្វែងរកដំណោះស្រាយ នយោបាយ និងជួយសម្រួល ដល់ការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនស៊ីរីរាប់លាននាក់ ដែលកំពុងរស់នៅ បណ្តាប្រទេសជិតខាងដូចជាតួកគី អ៊ីរ៉ាក់ លីបង់ ហ្សកដានី និងជាពិសេសនៅទ្វីបអ៊ឺរ៉ុបតែម្តង។

គួរបញ្ជាក់ថា ស៊ីរីគឺជាប្រទេសដ៏ចំណាស់មួយនៅពិភពអារ៉ាប់ ដែលមានអរិយធម៌ជាង ៥,០០០ឆ្នាំ ហើយប្រទេស នេះនៅមុនសង្គ្រាមឆ្នាំ២០១១ ក៏មានសេដ្ឋកិច្ចរីកចំរើនខ្លាំងផងដែរ ដោយសារតែវិស័យទេសចរណ៍ដ៏រីកចំរើន និងការនាំចេញប្រេងទៅកាន់ទីផ្សារពិភពលោក ដែលស្មើនឹងជាង ២៥ភាគរយ នៃប្រាក់ចំណូលជាតិសរុបនៅ ឆ្នាំ២០១០ ជាមួយនឹងប្រជាជនជាង ២០លាននាក់។ ប៉ុន្តែក្រោយកើតមានសង្គ្រាម អ្វីៗគ្រប់យ៉ាងស្ទើរធ្លាក់ ដល់ចំណុចសូន្យតែម្តង ខណៈប្រជាជនដែលបានស្លាប់ដោយសារសង្គ្រាម គិតត្រឹមឆ្នាំ២០១៨ គឺមានចំនួនជាង កន្លះលាននាក់៕

You might also like More from author