ឆ្មាំ​សមុទ្រ​អាមេរិក​ជួយ​សង្រ្គោះ​នាវិក​៤នាក់​ចុង​ក្រោយ​គេ​ដោយ​សុវត្ថិភាព ក្នុង​ករណី​លិច​កប៉ាល់​ដឹក​ទំនិញ​នៅ​ក្បែរ​រដ្ឋ Georgia

(វ៉ាស៊ីនតោន)៖ កងឆ្មាំសមុទ្រអាមេរិកបានឲ្យដឹងថា នាវិកទាំង៤នាក់ ដែលជាប់ខ្លួននៅក្នុងកប៉ាល់ដឹកទំនិញ ដ៏ធំមួយ ដែលបានក្រឡាប់លិចមួយចំហៀងខ្លួន នៅក្បែររដ្ឋ Georgia សហរដ្ឋអាមេរិក គឺនៅមានជីវិត និងត្រូវបានជួយសង្រ្គោះដោយសុវត្ថិភាព។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាមការបញ្ជាក់របស់ឆ្មាំសមុទ្រអាមេរិក នាវិក៣ដំបូងត្រូវបានជួយសង្រ្គោះមុន បន្ទាប់មកទើបនាវិកម្នាក់ ចុងក្រោយ ត្រូវបានជួយសង្រ្គោះ។ សម្រាប់ជំហានបន្ទាប់ទៀត កងឆ្មាំសមុទ្រអាមេរិកផ្តោតប្រតិបត្តិការទៅ លើការយកកប៉ាល់ដឹកទំនិញនោះចេញពីផ្ទៃទឹក។

គួរជម្រាបថា កប៉ាល់ដឹកទំនិញឈ្មោះថា Golden Ray ដែលមានផ្ទុកនាវិកសរុប២៤នាក់ ព្រមទាំងយានយន្តរាប់ ពាន់គ្រឿងនោះ បានក្រឡាប់លិចមួយចំហៀងខ្លួន នៅតំបន់ St. Simons Sound ក្បែរឆ្នេរនៃរដ្ឋ Georgia ភាគអាគ្នេយ៍សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រោយចាកចេញពីទីក្រុង Brunswick នៃរដ្ឋ Georgia ដើម្បីឆ្ពោះទៅទីក្រុង Baltimore នៃរដ្ឋ Maryland។

ក្រោយពេលកើតហេតុភ្លាម នាវិក២០នាក់ ត្រូវបានជួយសង្រ្គោះ ប៉ុន្តែប្រតិបត្តិការត្រូវបានផ្អាក ព្រោះតែមាន ភ្លើងឆេះលើកប៉ាល់។ នាវិក៤នាក់ចុងក្រោយដែលត្រូវបានជួយសង្រ្គោះ គឺសុទ្ធតែជាជនជាតិកូរ៉េខាងត្បូង ខណៈកប៉ាល់ដឹកទំនិញ Golden Ray ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង Hyundai Glovis។ រីឯមូលហេតុ នៅពីក្រោយគ្រោះថ្នាក់ក្រឡាប់លិចកប៉ាល់នេះវិញ គឺកំពុងបន្តស្ថិតក្រោមការស៊ើបអង្កេត៕

You might also like More from author