ឥណ្ឌាបង្ហើប៖ យាន Vikram លើ​ផ្ទៃ​ព្រះច័ន្ទ​មាន​ទ្រង់ទ្រាយ​ល្អ​ដូចដើម, ក្រុម​ការងារ​នៅតែ​កំពុង​ព្យាយាម​ស្តារ​ទំនាក់​ទំនង

(ញូដេលី)៖ ទីភ្នាក់ងារអវកាសឥណ្ឌា ISRO កំពុងបន្តព្យាយាមយ៉ាងសកម្ម ដើម្បីតភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយយានចុះចត នៃបេសកកម្មទៅឋានព្រះច័ន្ទ Chandrayaan-2 ខណៈការផ្តិតយករូបភាពថ្មីៗទៀតពីទីអវកាសបានបង្ហាញថា យាន Vikram ទំនងជាអាចនៅល្អធម្មតា គឺមិនបានខូចខាត ឬឆេះខ្ទេចខ្ទីតែម្តងនោះឡើយ។ នេះបើតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា ដកស្រង់ដោយវែបសាយ Space នាថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩។

យ៉ាងណាមិញរូបភាពទាំងនោះមិនត្រូវបានបញ្ចេញជាសាធារណៈ ដោយទីភ្នាក់ងារអវកាសឥណ្ឌានោះទេ។ យោងតាមសារព័ត៌មានឥណ្ឌា Times of India មន្រ្តីម្នាក់នៃទីភ្នាក់ងារ ISRO បានបង្ហើបប្រាប់ថា តាមរយៈរូបភាពថ្មីៗបន្ថែមទៀត បានមកពីយានផ្កាយរណបរបស់បេសកកម្ម Chandrayaan-2 បានបង្ហាញថា យាន Vikram ទំនងជាមិនបានបុកផ្ទៃព្រះច័ន្ទពេញទំហឹង ហើយបែកខ្ទេចជាបំណែកៗឡើយ។

ដោយឡែកបើតាមសារព័ត៌មានខាងលើ មន្រ្តីទីភ្នាក់ងារអវកាស ISRO បាននិយាយថា ទោះបីជាផ្នែកខាងក្រៅវានៅល្អក៏ដោយ គ្រឿងក្នុងរបស់វាអាចទទួលរងការខូចខាត តែយ៉ាងណាវាមិនច្បាស់នោះទេ។ ក្រោយប្រទះឃើញយាន Vikram នៅលើផ្ទៃរបស់ព្រះច័ន្ទ បន្ទាប់ពីដាច់ការទាក់ទងពេលព្យាយាមចុះចត ទីភ្នាក់ងារអវកាសឥណ្ឌាបានខិតខំប្រឹងប្រែង ដើម្បីតភ្ជាប់ការទំនាក់ទងគ្នាឡើងវិញ ដែលអាចត្រូវប្រើពេលប្រហែល ១៤ថ្ងៃ។

គួរជម្រាបថា ទីភ្នាក់ងារអវកាសឥណ្ឌា ISRO បានដាច់ការទាក់ទងគ្នាជាមួយយាន Vikram កាលពីថ្ងៃទី០៦ ខែសីហា នៅកម្ពស់ប្រហែលជាង ២គីឡូមែត្រពីផ្ទៃព្រះច័ន្ទ ដែលវាបានកើតឡើងមុន ១០នាទីដែលគេរំពឹងថា យានដែលមានផ្ទុករ៉ូបូតមួយគ្រឿង អាចបរបានលើផ្ទៃព្រះច័ន្ទនេះ នឹងត្រូវចុះចតលើផ្ទៃព្រះច័ន្ទកាលពីព្រឹកថ្ងៃសៅរ៍នោះ។ ទោះបីជាយ៉ាងនេះក្តី ឥណ្ឌានៅតែមានមោទនភាពក្នុងនាមជាប្រទេសដំបូង ដែលបានចុះចតយាននៅតំបន់ជិតប៉ូលខាងត្បូងព្រះច័ន្ទ ហើយសម្រាប់យានផ្កាយរណប Chandrayaan 2 វិញ ក៏នៅតែបំពេញបេសកកម្មយ៉ាងសំខាន់ជាធម្មតា ដើម្បីសិក្សាពីស្រទាប់លើៗរបស់ព្រះច័ន្ទ ជាពិសេសគឺទឹកក្នុងផ្ទៃស្រទាប់លើ៕

You might also like More from author