សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ក្រុម Hacker កូរ៉េ​ខាង​ជើង ដែល​នៅ​ពីក្រោយ​ករណី​វាយ​លុកធំៗ​នា​ពេល​កន្លង​ទៅ

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនាថ្ងៃសុក្រសប្តាហ៍នេះ បានដាក់ទណ្ឌកម្មលើក្រុមចោរពត៌មានវិទ្យា (Hacker) ចំនួន៣ក្រុម របស់កូរ៉េខាងជើង ដែលជាអ្នកនៅពីក្រោយករណីវាយលុកធំៗ នាពេលកន្លងទៅ ដូចជាករណី ប្រព័ន្ធទំនាក់ទំនងធនាគារហៅថា SWIFT ករណីកម្មវិធីមេរោគ WannaCry និងករណីចូលលុកលុយក្រុមហ៊ុន ផលិតភាពយន្តអាមេរិក Sony Pictures ជាដើម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩។

ក្រសួងហិរញ្ញវត្ថុអាមេរិកបានឲ្យដឹងថា ក្រុម Hacker ទាំងនោះ ត្រូវបានគេស្គាល់ជាទូទៅថា ឡាហ្សារើស គ្រុប (Lazarus Group), ប៊្លូណ័រអហ្វ (Bluenoroff) និង អាន់ដារែល (Andariel) ដែលស្ថិតនៅក្រោមការគ្រប់គ្រង នៃស្ថាប័នស៊ើបការណ៍សម្ងាត់របស់ប្រទេសកូរ៉េខាងជើង។

ក្រុមទាំង៣នេះ ត្រូវបានអាមេរិកអះអាងថា ជាអ្នកនៅពីក្រោយករណីវាយលុកដោយប្រើកម្មវិធីមេរោគ WannaCry កាលពីឆ្នាំ២០១៧ ដែលជាការជំរិតទារប្រាក់ ក៏ដូចជាករណីចូលលុកលុយប្រព័ន្ធទំនាក់ទំនងធនាគារ ហៅថា SWIFT ដែលអនុញ្ញាតឲ្យក្រុម Hacker អាចលួចលុយបានខ្ទង់ពាន់លានដុល្លារ ពីបណ្តាគ្រឹះស្ថាន ហិរញ្ញវត្ថុជាច្រើន គិតចាប់តាំងពីឆ្នាំ២០១៤មក។ ចំណែក ករណីមួយទៀតគឺការ Hack ក្រុមហ៊ុនផលិតភាពយន្ត អាមេរិក Sony Pictures ដោយសារការថតរឿងបែបកំប្លែងចំណងជើងថា «The Interview» ដែលសាច់រឿង ក្នុងនោះ គឺទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA បានរៀបចំគម្រោងដើម្បីសម្លាប់មេដឹកនាំកូរ៉េខាងជើង ដែលមានរូបរាងនិងមុខមាត់ស្រដៀងលោក គីម ជុងអ៊ុន៕

You might also like More from author