អាចម៍​ផ្កាយ​ទី២​មក​ពីក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ ត្រូវ​បាន​ដាក់​ឈ្មោះ​ជា​ផ្លូវការ​ហើយ (Video Inside)

(បរទេស)៖ សមាគមតារាវិទូអន្តរជាតិ IAU បានទទួលស្គាល់ថា អាចម៍ផ្កាយដុះកន្ទុយដែលគេប្រទះឃើញ កាលពីចុងខែសីហាកន្លងទៅ គឺពិតជាវត្ថុដែលមានប្រភពមកពីក្រៅប្រព័ន្ធព្រះអាទិត្យប្រាកដមែន ហើយវាក៏ត្រូវ បានដាក់ឈ្មោះឲ្យថ្មីផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មាន Space នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩។

សមាគម IAU បានបញ្ជាក់ថា នាពេលនេះអាចម៍ផ្កាយខាងលើមានឈ្មោះផ្លូវការថា 2I/Borisov ខណៈកន្លងមានវា ត្រូវបានគេ ហៅជាបណ្តោះអាសន្នថា C/2019 Q4 Borisov។ ពាក្យ 2I មានន័យថា វាគឺជាវត្ថុទីពីរដែលបានឆ្លង ចូលមកក្នុងប្រព័ន្ធព្រះអាទិត្យយើង ហើយត្រូវបានគេប្រទះឃើញ បន្ទាប់ពីការប្រទះឃើញវត្ថុទីមួយឈ្មោះ 1I/Oumuamua កាលពីខែតុលា ឆ្នាំ២០១៧។ រីឯពាក្យ Borisov គឺជាឈ្មោះតារាវិទូម្នាក់នៅតំបន់គ្រីមៀឈ្មោះ ហ្គែនណាឌី បូរីសូវ (Gennady Borisov) ដែលជាអ្នករកឃើញវា។

គួរជម្រាបថា សមាគម IAU បានសម្រេចទទួលស្គាល់អាចម៍ផ្កាយនេះ ជាវត្ថុមកពីក្រៅប្រព័ន្ធព្រះអាទិត្យ បន្ទាប់ពីបានផ្ទៀងផ្ទាត់ឃើញថា គន្លងធ្វើដំណើររបស់វាមានលក្ខណៈខុសប្លែកឆ្ងាយពីអាចម៍ផ្កាយដទៃៗទៀត នៅក្នុងប្រព័ន្ធផ្កាយរបស់យើង ដែលសុទ្ធតែរងឥទ្ធិពលពីកម្លាំងរបស់ព្រះអាទិត្យ។

បើតាមអ្នកវិទ្យាសាស្រ្ត អាចម៍ផ្កាយ 2I/Borisov នឹងហោះកាត់កៀកព្រះអាទិត្យនៅចម្ងាយ ៣០០លានគីឡូម៉ែត្រ នៅថ្ងៃទី០៧ ខែធ្នូ ដែលនាពេល នោះ វានឹងអាចត្រូវមើលឃើញច្បាស់ ពីអឌ្ឍគោលខាងត្បូងរបស់ផែនដី។ វាងាយនឹងមើលឃើញពីភពរបស់យើងនៅកំឡុង ខែធ្នូ និងខែមករា ប៉ុន្តែនឹងបន្តនៅឲ្យយើងតាមអង្កេត មើលវាបាន ប្រហែលជារហូតដល់ចុងឆ្នាំ២០២០ ហើយយើងនឹងដឹងអ្វីៗច្រើនទៀតអំពីវា ផ្ទុយពី Oumuamua ដែលយើងបានដឹងយឺតពេល៕

You might also like More from author