មនុស្ស​ស្លាប់​កើន​ដល់​១០៤​នាក់ និង​របួស​ជាង​៦ពាន់​នាក់ ដោយ​សារ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់

(បាកដាដ)៖ មនុស្សយ៉ាងហោចណាស់ 0៨នាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាដ៏ហិង្សាជាថ្មី រវាងកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ និងក្រុមបាតុករប្រឆាំងរដ្ឋាភិបាលទីក្រុងបាកដាដកាលពីថ្ងៃអាទិត្យ ហើយដែលប្រការនេះបានធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ១០៤នាក់ ខណៈច្រើនជាង ៦,០០០នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ២០១៩។

បាតុកម្មតវ៉ាដ៏ចលាចល និងហិង្សាកាលពីថ្ងៃអាទិត្យគឺបានឈានចូលដល់ថ្ងៃទី ៦ ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងស្រុក មនុស្សទាំង ០៨នាក់ខាងលើបានស្លាប់ នៅឯភាគខាងកើតទីក្រុងបាកដាដ ដោយសារតែគ្រាប់ កាំភ្លើងពិតរបស់ប៉ូលិស។ ម្យ៉ាងវិញទៀត បាតុកម្មតវ៉ានេះទៀតសោត កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងបាកដាដ ប្រកាសពីការធ្វើកំណែទម្រង់ជាច្រើន ក្នុងគោលបំណងបន្សាបការខឹងសម្បារ របស់ក្រុមបាតុករ ដែលកំពុងធ្វើបាតុកម្មប្រឆាំងអំពើពុករលួយ និងភាពអត់ការងារធ្វើ។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរអ៊ីរ៉ាក់ ក្នុងចំណោមមនុស្ស ៦,១០៧នាក់ ដែលរងរបួសក៏មានប៉ូលិសជាង ១,០០០នាក់ផងដែរ ខណៈអគារមួយចំនួនត្រូវបានដុតបំផ្លាញ។ ប៉ុន្តែគួរឱ្យកត់សម្គាល់នោះ គឺអ្នកជំនាញជា ច្រើនបង្ហាញក្ដីព្រួយបារម្ភ ដោយខ្លាចក្រែងក្រុមសកម្មប្រយុទ្ធ ISIS កេងចំណេញពីបាតុកម្មតវ៉ាដ៏ហិង្សា នេះដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួនឡើងវិញនៅអ៊ីរ៉ាក់៕

You might also like More from author