ផ្ទុះករណី​បាញ់​ប្រហារ​នៅ​រដ្ឋ Kansas បណ្តាល​ឲ្យ​មនុស្ស​៤នាក់​ស្លាប់ និង​៥នាក់​របួស

(វ៉ាស៊ីនតោន)៖ មនុស្ស០៤នាក់បានស្លាប់ និង០៥នាក់ទៀតបានរងរបួស ក្នុងហេតុការណ៍ផ្ទុះអាវុធនៅរង្គសាល មួយកន្លែង ស្ថិតនៅរដ្ឋកាន់សាស់ (Kansas) របស់សហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ២០១៩។

ករណីខាងលើបានកើតឡើងនាថ្ងៃអាទិត្យ (ពេលវេលាក្នុងតំបន់របស់អាមេរិក) នៅរង្គសាលឈ្មោះ តេឃ្វីឡាខេស៊ី (Tequila KC)។ បើតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសប្រចាំទីក្រុងកាន់សាស់ស៊ីធី (Kansas City) ពួកគេបានរកឃើញមនុស្សសរុបចំនួន ០៩នាក់ ដែលត្រូវគេបាញ់ប្រហារ ក្នុងនោះ០៤នាក់បាត់បង់ជីវិតនៅ ក្នុងរង្គសាលតែម្តង រីឯ០៥នាក់ដែលរបួសត្រូវបានប្រទះឃើញនៅខាងក្រៅ។

គួរជម្រាបថា យោងតាមលទ្ធផលស៊ើបអង្កេតជាបឋមរបស់ប៉ូលិសអាមេរិក មូលហេតុដែលបានបណ្តាលឲ្យមាន ការបាញ់ប្រហារបែបនេះ គឺបណ្តាលមកពីការឈ្លោះទាស់ទែងគ្នាក្នុងរង្គសាលខាងលើ ខណៈជនសង្ស័យពីរនាក់ ដែលប្រដាប់ដោយកាំភ្លើង បានរត់គេចខ្លួនពីកន្លែងកើតហេតុ។ ប៉ូលិសបានបញ្ចេញរូបភាពជនសង្ស័យ ទាំងពីរនាក់ និងស្នើឲ្យសាធារណជនជួយកំណត់អត្តសញ្ញាណ៕

You might also like More from author