​សិង្ហបុរី ដណ្តើម​បាន​​ចំណាត់​​ថ្នាក់​លេខ១ ពី​សហរដ្ឋ​អាមេរិក ​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច ប្រកួត​ប្រជែង​ខ្លាំង​បំផុត​លើ​ពិភពលោក!

(ហ្សឺណែវ)៖ ប្រទេសសិង្ហបុរីបានវ៉ាដាច់សហរដ្ឋអាមេរិក ឡើងទៅឈរលេខរៀងទី១ ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ច ប្រកួតប្រជែងខ្លាំងជាងគេបំផុត នៅលើពិភពលោកក្នុងឆ្នាំ២០១៩ នេះតែម្តង។ នេះបើតាមវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០១៩។

WEF បានឱ្យដឹងទៀតថា ការវាយតម្លៃខាងលើធ្វើឡើង តាមរយៈការដាក់ពិន្ទុពី០ ដល់ ១០០ ដោយផ្អែកលើហេដ្ឋរចនាសម្ព័ន្ធ សុខាភិបាល ទីផ្សារការងារ ប្រព័ន្ធហិរញ្ញវត្ថុ គុណភាពស្ថាប័នរដ្ឋ និងការបើកចំហសេដ្ឋកិច្ច។ លើសពីនេះទៅទៀត នៅក្នុងរបាយការណ៍របស់ខ្លួន ចេញផ្សាយនៅថ្ងៃអង្គារសប្ដាប៍នេះ WEF ក៏បានបញ្ជាក់ដែរថា ប្រទេសសិង្ហបុរីបានឡើង ទៅឈរលេខរៀងទី ១ ក្នុងនាមជាប្រទេស ដែលមានសេដ្ឋកិច្ចប្រកួតប្រជែងខ្លាំងជាងគេបំផុត នៅលើពិភពលោក ដោយមាន ៨៤.៨ពិន្ទុ តាមពីក្រោយដោយសហរដ្ឋអាមេរិក ដែលបានធ្លាក់ពីលេខរៀងទី១ ជាមួយពិន្ទុ ៨៥.៦ពិន្ទុ កាលពីឆ្នាំ២០១៨ មកនៅត្រឹម ៨៣.៧ពិន្ទុវិញនៅឆ្នាំ២០១៩ ហើយលទ្ធផលនេះត្រូវបានគេមើលឃើញថា ដោយសារតែឥទ្ធិពលនៃសង្រ្គាមពាណិជ្ជកម្មរបស់លោក ដូណាល់ ត្រាំ នោះតែម្តង។

គួរបញ្ជាក់ថា ក្រៅតែពីសិង្ហបុរី និងសហរដ្ឋអាមេរិក ទីក្រុងហុងកុងបានឡើងទៅឈរលេខរៀងទី ៣ ក្នុងនាមជាតំបន់ដែលមានសេដ្ឋកិច្ចប្រកួតប្រជែង ខ្លាំងជាងគេបំផុតនៅលើពិភពលោកមាន ៨៣.១ពិន្ទុ រីឯលេខ ៤បានទៅលើហូឡង់មាន ៨២.៤ពិន្ទុ, ស្វីស ៨២.៣ពិន្ទុ, ជប៉ុន ៨២.៣ពិន្ទុ, អាល្លឺម៉ង់ ៨១.៨ពិន្ទុ, ស៊ុយអែត ៨១.២ពិន្ទុ, ចក្រភពអង់គ្លេស ៨១.២ពិន្ទុ និងដាណឺម៉ាក ៨១.២ពិន្ទុ៕

You might also like More from author