«ផ្កាយរណប​​​បំបាំង​កាយ» ដើម្បី​គេច​ពី​ផ្កាយ​រណប​សត្រូវ ដែល​ចង់​លួច​ស៊ើបការណ៍​សម្ងាត់ ត្រូវបាន​រុស្ស៊ី​នឹង​​បង្កើត​ឡើង

(ម៉ូស្គូ)៖ ទីភ្នាក់ងារអវកាសរុស្ស៊ី រ៉ូសកូសម៉ូស (Roscosmos) បានដាក់ពាក្យសុំប្រកាសសិទ្ធិលើបច្ចេកវិទ្យាផ្កាយរណប ដែលអាចកែប្រែរូបរាងវាបាន ដើម្បីបំបាំងខ្លួន ពីផ្កាយរណបឈ្លបការណ៍របស់បរទេស។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០១៩។

គោលដៅនៃបច្ចេកវិទ្យានោះ គឺអនុញ្ញាតឲ្យផ្កាយរណបប្រែរូបរាងផ្ទាំងសូឡារបស់វា ដើម្បីកាត់បន្ថយចំណាំងផ្លាត ក៏ដូចជាការបំបាំងខ្លួននៅក្នុងទីអវកាស។ ប្រការនេះនឹងជួយឲ្យវា គេចផុតពីក្រសែភ្នែករបស់ផ្កាយរណបបរទេស ដែលមានបំណង់ចង់ស៊ើបការណ៍បាន ហើយនៅពេលផ្កាយរណបស៊ើបការណ៍ហោះហួសទៅឆ្ងាយ លែងបង្កការគំរាមកំហែងទៀតនោះ វានឹងត្រឡប់ទៅជារូបរាងដើមវិញ។

គួរជម្រាបថា នាពេលថ្មីៗនេះមានរបាយការណ៍លើកឡើងថា រុស្ស៊ីបានប្រទះឃើញការផ្លាស់ទីតាំងគួរឲ្យកត់សម្គាល់ នៃផ្កាយរណបយោធារបស់សហរដ្ឋអាមេរិក នៅក្នុងទីអវកាស។ បច្ចេកវិទ្យាខាងលើរបស់រុស្ស៊ី មានបំណងជួយលាក់ពួកផ្កាយរណបរបស់ខ្លួន ពីពពួកផ្កាយរណបដែលមានមុខងារប្រើប្រាស់ឧបករណ៍ ដើម្បីស៊ើបការណ៍លើផ្កាយរណបដទៃ ហើយធ្វើការវិភាគព្រមទាំងប្រមូលទិន្នន័យ ពីផ្កាយរណបទាំងនោះទៀតផង៕

You might also like More from author