ក្រុម​មន្រ្តី​ជាន់​ខ្ពស់​ចិន-អាមេរិក ត្រៀម​ជួប​ចរចា​គ្នា​ជា​ថ្មី​ដើម្បី​រក​ច្រក​ចេញ​ពីសង្រ្គាម​ពាណិជ្ជកម្ម

(វ៉ាស៊ីនតោន)៖ ក្រុមមន្រ្តីជាន់ខ្ពស់ចិននិងសហរដ្ឋអាមេរិក នឹងត្រូវជួបមុខគ្នាសាជាថ្មីនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីរកច្រកចេញពីសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩។

ឧបនាយករដ្ឋមន្រ្តីចិន លោក Liu He រួមទាំងប្រធានទីភ្នាក់ងារគោលនយោបាយពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer និងរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin ត្រូវគេរំពឹងថានឹងព្យាយាមកាត់ បន្ថយការខ្វែងគំនិតគ្នារវាងភាគីទាំងពីរ ជាមួយក្តីសង្ឃឹមថា នឹងអាចបញ្ចៀសការបន្តដំឡើងពន្ធដាក់គ្នានា ពេលខាងមុខ។ រីឯ លោក ដូណាល់ ត្រាំ ក៏បានបង្ហាញភាពជឿជាក់ដែរថា អាមេរិកនិងចិនមានឱកាសល្អ ដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងទូលំទូលាយមួយបញ្ចប់សង្រ្គាមពាណិជ្ជកម្ម រវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ ដែលបានអូសបន្លាសអស់រយៈពេលជាង ១៥ខែមកហើយ។

យ៉ាងណាមិញ បរិយាកាសជុំវិញការចាប់ផ្តើមកិច្ចចរចាឡើងវិញនេះ ហាក់បានអួរអាប់ដោយសារការសម្រេចចិត្ត របស់អាមេរិក កាលពីដើមសប្តាហ៍នេះ ដែលបានកាត់ឈ្មោះក្រុមហ៊ុន និងស្ថាប័នចិនចំនួន២៨ ចូលក្នុងបញ្ជីខ្មៅ ពាណិជ្ជកម្មរបស់ខ្លួន ដោយយោងលើការចោទប្រកាន់ថា ចិនរំលោភសិទ្ធិមនុស្សលើជនជាតិម៉ូស្លីមនៅខេត្ត Xinjiang ប្រទេសចិន។ បន្ថែមពីនេះ ក៏មានការរឹតត្បិតទិដ្ឋាការរបស់មន្រ្តីអាមេរិក ទាក់ទិននឹងបញ្ហាដូចគ្នា នេះដែរ។

គួរជម្រាបថា ប្រសិនបើកិច្ចចរចាជុំថ្មីនេះ នៅតែមិនទទួលបានលទ្ធផលវិជ្ជមាននោះ នៅថ្ងៃទី១៥ ខែធ្នូ ទំនិញចិនដែលនាំចូលមកកាន់សហរដ្ឋអាមេរិក ពោលគឺទំហំជាង៥០០ពាន់លានដុល្លារ នឹងត្រូវស្ថិតក្រោម ចំណាត់ការដំឡើងពន្ធរបស់អាមេរិក ស្ទើរតែទាំងអស់៕

You might also like More from author