ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី Tsai ចោទ​ចិន​ថា​ចង់​បង្ក​ចលាចល​នៅ​កោះ​តៃវ៉ាន់​ដូច​នៅ​ហុងកុង

(តៃប៉ិ)៖ ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) បានទាត់ចោលគោលនយោបាយ «ប្រទេសមួយប្រព័ន្ធពីរ» ដោយចោទថា ចិនចង់ប្រើប្រាស់គោលនយោបាយនេះ ដើម្បីបង្កចលាចលនៅ កោះតៃវ៉ាន់ដូចនៅទីក្រុងហុងកុង ដែលកំពុងប្រឈមមុខនឹងបាតុកម្មហិង្សាដ៏រុំារ៉ៃ អស់រយៈជាច្រើនខែមក ហើយ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩។

ការកត់សម្គាល់ខាងលើរបស់លោកស្រី Tsai Ing-wen ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ចំថ្ងៃបុណ្យជាតិ របស់កោះតៃវ៉ាន់ ហើយលោកស្រីផ្ទាល់ក៏បានសន្យា នៅមុនការបោះឆ្នោតសកលមកដល់ផងដែរថា នឹងការពារ បូរណភាពទឹកដី និងប្រជាធិបតេយ្យរបស់តៃវ៉ាន់ ប្រឈមមុខនឹងការគំរាមកំហែងពីសំណាក់មហាយក្សចិន។

លោកស្រី Tsai បានគូសបញ្ជាក់ដូច្នេះថា «ចិននៅតែគំរាមកំហែង និងបង្ខំឱ្យតៃវ៉ាន់ ដើរតាមគោលនយោបាយ ប្រទេសមួយប្រព័ន្ធពីរ… ហើយនៅពេលដែលសេរីភាព និងប្រជាធិបតេយ្យត្រូវបានគំរាមកំហែង យើងចាំបាច់ ត្រូវតែងើបឈរឡើងដើម្បីការពារខ្លួនឯង។ ដូច្នេះប្រជាជនតៃវ៉ាន់ ២៣លាននាក់មិនអាចទទួលយកបានឡើយ
គោលនយោបាយ ប្រទេសមួយប្រព័ន្ធពីរ ព្រោះវាអាចនឹងគំរាមកំហែងដល់សនិ្តភាព និងស្ថេរភាពនៅក្នុងតំបន់ ជាពិសេសគឺភាពចលាចលដែលកំពុងឡើងនៅក្រុងហុងកុង»

គួរជម្រាបថា តៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្រារព្ធបុណ្យជាតិរំលឹកដល់ការចាប់ផ្ដើមធ្វើបដិវត្តន៍ នៅឆ្នាំ១៩១១ ដែលនាំទៅរកការផ្ដួលរំលំរបស់រាជានិយមនៅក្នុងប្រទេសចិន និងបង្កើតរបបសាធារណរដ្ឋ មកទល់នឹងពេលបច្ចុប្បន្ន៕

You might also like More from author