ព្យុះ​ទីហ្វុង​នៅ​ជប៉ុន​លើក​នេះ​អាច​នឹង​អាក្រក់​​ដូច​នៅ​ឆ្នាំ១៩៥៨ ខណៈ​ជើង​ហោះ​ហើរ​ទាំង​អស់​ត្រូវ​ផ្អាក

(តូក្យូ)៖ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនត្រូវបានគេរាយការណ៍ថា បានផ្អាករាល់ជើងហោះហើរទាំងអស់នៅ ក្នុងស្រុក ដែលគ្រោងចាកចេញពីអាកាសយានដ្ឋានទីក្រុងតូក្យូ ខណៈសេវាកម្មធ្វើដំណើរ និងដឹកជញ្ជូនតាម រថភ្លើងក៏ត្រូវផ្អាកសកម្មភាពជាបណ្ដោះអាសន្នផងដែរ ស្របពេលដែលព្យុះទីហ្វុង ហាជីប៊ីស (Hagibis) កំពុងសំដៅមកវាយប្រហារប្រទេសជប៉ុន នៅចុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័តមាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩។

ដោយសារតែឥទ្ធិពលព្យុះទីហ្វុង Hagibis អាជ្ញាធរបានលុបចោលការប្រកួតបាល់អោបពិភពលោក រួមទាំងការ ប្រកួតប្រណាំងរថយន្ដហោះ Formula One ដែលគ្រោងនឹងធ្វើឡើងនៅចុងសប្ដាហ៍នេះ។ លើសពីនេះទៅទៀត អាជ្ញាធរឧតុនិយមជប៉ុនក៏បានព្រមានដែរថាព្យុះទីហ្វុងមួយនេះ អាចនឹងក្លាយជាព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុត ដែលនឹងវាយប្រហារលើទីក្រុងតូក្យូ គិតចាប់តាំងពីឆ្នាំ១៩៥៨ ដែលកាលណោះជប៉ុនពិតរងគ្រោះធ្ងន់ធ្ងរណាស់ ដោយសារព្យុះទីហ្វុងឈ្មោះអ៊ីដា (Ida) ព្រោះប្រជាជនសរុបចំនួន ១,២៦៩នាក់បានស្លាប់ និងបាត់ខ្លួន ខណៈផ្ទះសម្បែងជាង ១៦,០០០ខ្នងត្រូវបំផ្លាញ។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរឧតុនិយមជប៉ុន ព្យុះទីហ្វុង Hagibis ត្រូវបានគេរំពឹងថានឹងវាយប្រហារតំបន់ ភាគខាងលិច និងភាគខាងកើតនៃប្រទេសជប៉ុន ពីថ្ងៃសៅរ៍រហូតដល់ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ជាមួយល្បឿន ខ្យល់បក់បោកប្រមាណ ២២៥គីឡូម៉ែត្រក្នុងមួយម៉ោង ព្រមទាំងអាចបង្កជាគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ទៀតផង។ ដោយឡែកប្រជាជនរស់នៅតំបន់ចំពោះមុខព្យុះ ត្រូវបានបង្គាប់ឲ្យជម្លៀសខ្លួន ទៅរកទីកន្លែងមាន សុវត្ថិភាពជាបណ្តោះអាសន្នផងដែរ៕

You might also like More from author