ចិន​រិះគន់​អ្នក​នយោបាយ​ថៃ​មួយ​ចំនួន ដែល​កាន់​ជើង​ក្រុម​ទាមទារ​ឯករាជ្យ​ហុងកុង និង​ព្រមាន​ពីផល​ប៉ះពាល់​មិត្តភាព​ចិន-ថៃ

(បាងកក)៖ ស្ថានទូតចិនប្រចាំទីក្រុងបាងកកនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានរិះគន់អ្នកនយោបាយថៃមួយចំនួន ដែលកាន់ជើងក្រុមចលនាគាំទ្រឯករាជ្យនៃទីក្រុងហុងកុង ហើយចិនក៏បានសង្កត់ធ្ងន់ផងដែរថា ទង្វើបែបនេះ បានប៉ះពាល់ដល់ចំណងមិត្តភាពរវាង ប្រទេសទាំងពីរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩។

ក្នុងសេចក្តីថ្លែងការណ៍មួយចុះផ្សាយលើវែបសាយស្ថានទូតចិនប្រចាំប្រទេសថៃ អ្នកនាំពាក្យស្ថានទូតចិន បាននិយាយដូច្នេះថា «ក្រុមដែលចង់បំបែកទីក្រុងហុងចេញពីប្រទេសចិន បានរួមដៃគ្នាជាមួយកម្លាំងនៅ បរទេស ដើម្បីផ្សព្វផ្សាយពាក្យចចាមអារ៉ាម និងបំភ្លៃការពិត ដើម្បីសម្រេចគោលដៅរបស់ពួកគេ»

អ្នកនាំពាក្យស្ថានទូតចិនបានបន្តថា «អ្នកនយោបាយថៃមួយចំនួនបានទាក់ទងជាមួយក្រុម ដែលចង់បាន ឯករាជ្យឲ្យហុងកុង ហើយគាំទ្រចលនានេះថែមទៀត។ សកម្មភាពបែបនេះ គឺពិតជាមិនត្រឹមត្រូវជាខ្លាំង និងពុំមានការទទួលខុសត្រូវទាល់តែសោះ។ ចិនសង្ឃឹមអ្នកនយោបាយថៃទាំងនោះ អាចទទួលស្គាល់នូវធាតុ ពិតជាក់ស្តែងអំពីបញ្ហាហុងកុង ហើយត្រូវប្រយ័ត្នប្រយែងចំពោះទង្វើរបស់ខ្លួន និងធ្វើអ្វីដែលជាប្រយោជន៍ សម្រាប់ចំណងមិត្តភាពរវាងចិននិងថៃ»

គួរជម្រាបថា ទីក្រុងប៉េកាំងបានចេញមុខព្រមានបែបនេះ បន្ទាប់ពីសកម្មជនហុងកុងលោក ចូសហ្វ័រ វ៉ុង (Joshua Wong) បានបង្ហោះរូបថតមួយសន្លឹកលើបណ្តាញសង្គម ហើយបង្ហាញឲ្យឃើញរូបលោកផ្ទាល់ រួមជាមួយប្រធាន គណបក្សនយោបាយថៃ Future Forward គឺលោក ថាណាថន ហ្សាងរុងរួងឃីត (Thanathorn Juangroongruangkit)។

លោក Wong និងលោក Thanathorn បានជួបគ្នាកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្នុងវេទិកាមួយប្រចាំឆ្នាំមួយរៀបចំ ឡើងដោយទស្សនាវដ្តី The Economist នៅទីក្រុងហុងកុង ហើយអ្នកទាំងពីរគឺជាវាឃ្មិន ដែលត្រូវបានគេអញ្ជើញ ឲ្យចូលរួម។ ជុំវិញប្រតិកម្មពីចិននេះ អ្នកនយោបាយថៃមិនទាន់ធ្វើការឆ្លើយតបអ្វីនោះឡើយ៕

You might also like More from author