ក្រុមហ៊ុន Apple ការពារ​ការ​សម្រេច​ចិត្ត​លុបចោល​កម្មវិធី ដែល​ជួយ​បាតុករ​ហុងកុង កំណត់​ទីតាំង​របស់​ប៉ូលិស

(សាន់ ហ្វ្រាន់ស៊ីស្កូ)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Apple លោក Tim Cook បានចេញមុខការពារការ សម្រេចចិត្ត របស់លោកដោយលុបចោលកម្មវិធី ឬ app មួយដែលជួយសម្រួលដល់ក្រុមបាតុករក្រុងហុងកុង កំណត់ទីតាំងរបស់ ប៉ូលិស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩។

នៅក្នុងលិខិតមួយផ្ញើជូនបុគ្គលិក Apple លោក Tim Cook ក៏បានអះអាងដែរថា ការសម្រេចចិត្តនេះគឺជារឿងមួយ ដ៏ពិបាក ប៉ុន្តែវាគឺជាមធ្យោបាយដ៏ល្អដើម្បីការពារអ្នកប្រើប្រាស់ផលិត Apple។ លិខិតដដែល បានគូសបញ្ជាក់ ដូច្នេះថា៖ «កម្មវិធី ឬ app នេះត្រូវបានប្រើប្រាស់ក្នុងការកំណត់ទីតាំងរបស់ប៉ូលិស ហើយយើងបានផ្ទៀង ផ្ទាត់ជាមួយការិយាល័យ សន្តិសុខព័ត៌មានវិទ្យា និងឧក្រិដ្ឋកម្មបច្ចេកវិទ្យាហុងកុងថាកម្មវិធីនេះ ក៏ត្រូវបានគេប្រើប្រាស់ផងដែរ ដើម្បីកំណត់ គោលដៅ និងវាយប្រហារលើប៉ូលិស…ដែលនេះគឺជាទង្វើគំរាម កំហែងសុវតិ្ថភាពសាធារណៈ, ការអនុវត្តច្បាប់ ព្រមទាំង ប្រជាជននៅក្នុងតំបន់»

គួរបញ្ជាក់ថា នៅថ្ងៃពុធសប្ដាហ៍នេះ ក្រុមហ៊ុន Apple បានលុបចោលកម្មវិធី HKmap.live ដែលជួយសម្រួលដល់ ក្រុមបាតុករហុងកុង កំណត់ទីតាំងស្ថិតនៅ និងសកម្មភាពរបស់ប៉ូលិស បន្ទាប់ពីកាសែតរដ្ឋចិនសម្ដែងការ ខឹងសម្បារ និងរិះគន់យ៉ាងខ្លាំងចំពោះក្រុមហ៊ុន Apple ដែលបណ្ដោយឱ្យ software នេះត្រូវបានប្រើប្រាស់លើ App Store៕

You might also like More from author