តួកគី​ព្រមាន​ឆ្លើយ​តប​ទៅ​វិញ បើ​សិន​ជា​អឺរ៉ុប-អាមេរិក​ហ៊ាន​ដាក់​ទណ្ឌកម្ម, សង្គ្រាម​កម្ទេច​ឃើដ​ផ្តាច់​ជីវិត​មនុស្ស ៣៣៩នាក់

(អង់ការ៉ា)៖ រដ្ឋាភិបាលទីក្រុងអង់ការ៉ាបានចេញសេចក្តីថ្លែងការណ៍មួយ នៅយប់ថ្ងៃសុក្រតែម្តងថា ខ្លួនកំពុងតែ ប្រយុទ្ធប្រឆាំងនឹងអង្គការភេរវកម្ម ដែលតែងតែបង្កការគំរាមកំហែងដល់សន្តិសុខជាតិតួកគី ហើយតួកគី នឹងបន្តការតស៊ូប្រយុទ្ធ ទៅមុខដោយមានការប្តេជ្ញាចិត្តខ្ពស់។ គ្មាននរណាម្នាក់ត្រូវមានមន្ទិល ចំពោះអ្វីដែលតួកគី កំពុងធ្វើឡើយ ហើយក្នុងករណីមានការរារាំងណាមួយ នោះយើងនឹងតបតទៅវិញយ៉ាងពេញថ្លៃ។ នេះបើតាម សារព័ត៌មាន Spunik ដកស្រង់សេចក្តីថ្លែងការណ៍ពីរដ្ឋាភិបាលតួកគី នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩។

ប្រតិបត្តិការវាយសម្រុកទៅលើមូលដ្ឋានសំខាន់ៗ របស់ក្រុមឃើដនៅភាគខាងជើងស៊ីរី បានផ្តាច់ជីវិតក្រុម ឃើដប្រមាណ ៣៣៩នាក់គិតត្រឹមយប់ថ្ងៃសុក្រ ហើយតួកគីកំពុងតែបន្តវាយប្រហារតាមជើងគោក និងផ្លូវឱកាស ដើម្បីជីកឬសគល់ក្រុមដែលខ្លួនចាត់ទុកថា ជាពួកភេរវករនេះឲ្យអស់តែម្តង។ តួកគីបានប្រកាសជាច្រើន ដងមកហើយថា កងទ័ពឃើដ-ស៊ីរី SDF និងគណបក្សប្រជាជនឃើដ PKK ឬ YPG គឺសុទ្ធតែជាអង្គការភេរវកម្ម។

គួរបញ្ជាក់ជាការឆ្លើយតបទៅនឹងការគំរាមដាក់ទណ្ឌកម្ម ពីសំណាក់បណ្តាប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិក រដ្ឋមន្ត្រីការបរទេសតួកគីលោក ម៉េវលុត កាវូសូគ្លូ (Mevlut Cavusoglu) បានលើកឡើងថា ប្រតិបត្តិសន្តិភាព និទាឃរដូវ (Operation Peace Spring) ដែលតួកគីកំពុងធ្វើនៅភាគខាងជើងស៊ីរី គឺពិតជាស្របច្បាប់អន្តរជាតិ តាមមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលមានចែងយ៉ាងច្បាស់ អំពីការប្រយុទ្ធប្រឆាំងនឹងអំពើ ភេរវកម្ម៕

You might also like More from author