លោកស្រី Carrie Lam សុំទោស​សហគមន៍​អ៊ីស្លាម​នៅ​ហុងកុង ក្រោយ​ប៉ូលិស​ប្រើ​កាណុង​បាញ់​ទឹកពណ៌​​ចំព្រះវិហារ​មួយ​កន្លែង ពេល​បង្រ្កាប​ក្រុម​បាតុករ

(ហុងកុង)៖ អភិបាលទីក្រុងហុងកុង លោកស្រី Carrie Lam នាថ្ងៃចន្ទនេះ បានសុំទោសសហគមន៍អ៊ីស្លាម នៅហុងកុង ក្រោយពីប៉ូលិសបានប្រើកាណុងបាញ់ទឹកពណ៌ត្រូវចំលើព្រះវិហារអ៊ីស្លាមមួយកន្លែង ពេលព្យាយាមបង្រ្កាបក្រុមបាតុករ កាលពីថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩។

នាព្រឹកថ្ងៃចន្ទនេះ មុនត្រូវចេញដំណើរទៅប្រទេសជប៉ុន ដើម្បីចូលរួមពិធីរាជាភិសេកព្រះចៅអធិរាជជប៉ុន លោកស្រី Carrie Lam បានឆ្លៀតចុះទៅព្រះវិហារខាងលើដែលស្ថិតក្នុងតំបន់ Kowloon ហើយសុំទោស ថ្នាក់ដឹកនាំសហគមន៍អ៊ីស្លាម ដែលរស់នៅក្នុងទីក្រុងហុងកុង ចំពោះកំហុសឆ្គងដោយអចេតនារបស់ប៉ូលិស ហុងកុង។ តំណាងសហគមន៍អ៊ីស្លាម បានទទួលយកការសុំទោសនេះ និងបានបង្ហាញក្តីសង្ឃឹមថា ពួកគេនៅតែចង់បន្តរស់នៅក្នុងទីក្រុងហុងកុង ដោយសន្តិភាព។

គួរជម្រាបថា បាតុកម្មកាលពីថ្ងៃអាទិត្យម្សិលមិញនេះ នៅតែមានការប៉ះទង្គិចគ្នាកើតឡើងយ៉ាងក្តៅគគុកដដែល រវាងក្រុមបាតុករនិងប៉ូលិសបង្រ្កាបបាតុកម្ម ដោយមានការចោលគ្រាប់បែកសាំងពីក្រុមអ្នកតវ៉ា និងការប្រើប្រាស់ ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកពណ៌ពីសំណាក់ប៉ូលិសហុងកុង។ នៅតំបន់ Kowloon ក្រុមបាតុករបាន ដុតបំផ្លាញក៏ដូចជាវាយកម្ទេចហាងទំនិញ និងស្ថានីយរថភ្លើងជាច្រើនកន្លែង។ គិតចាប់តាំងពីចលនាបាតុកម្ម បានចាប់ផ្តើមឡើងកាលពីខែមិថុនា មនុស្សជាង២,៦០០នាក់ហើយ ត្រូវបានចាប់ខ្លួន៕

You might also like More from author