អាមេរិក និង​ចិន​បន្ត​ដើរ​លើ​ផ្លូវ​វិជ្ជមាន ខណៈកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម នឹង​ត្រូវ​ចុះ​ហត្ថលេខា​ក្នុង​កិច្ច​ប្រជុំ G20 នៅ​ឈីលី

(ប៉េកាំង)៖ អនុរដ្ឋមន្ត្រីការបរទេសចិនលោក ឡេ យូឆឹង (Le Yucheng) នៅថ្ងៃអង្គារនេះ បានឱ្យដឹងថា ប្រទេសចិន និងសហរដ្ឋអាមេរិកសម្រេចបាននូវការរីកចម្រើនមួយចំនួននៅក្នុងកិច្ចចរចាពាណិជ្ជកម្ម ហើយបើ ភាគីទាំងពីរគោរពគ្នាទៅវិញមក គ្មានបញ្ហាណាមួយមិនអាចដោះស្រាយបាននោះទេ។ នេះបើតាមការ ចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងវេទិកា សៀងសាន (Xiangshan Forum) ក្នុងទីក្រុងប៉េកាំង លោក Le Yucheng បានលើកឡើងយ៉ាង ដូច្នេះថា «គ្មានប្រទេសណាមួយអាចដោះស្រាយបញ្ហា ដោយមិនធ្វើការងារជាមួយប្រទេសដទៃទៀតនោះទេ ហើយជាការពិតណាស់ ពិភពលោកទាំងមូលចង់ឃើញចិន និងសហរដ្ឋអាមេរិកបញ្ចប់សង្រ្គាមពាណិជ្ជកម្ម រវាងគ្នា ដើម្បីបញ្ជៀសសង្រ្គាមត្រជាក់»។

គួរជម្រាបថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក និងចិន នឹងត្រូវបានចុះហត្ថលេខា នៅក្នុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិក រៀបចំឡើងនៅប្រទេសឈីលី ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ខាងមុខនេះហើយ៕

You might also like More from author