លោក គីម ជុងអ៊ុន ធ្វើរឿង​ដ៏កម្រមួយ រិះគន់​គោល​នយោបាយ​ឪពុក ដែល​ពឹងផ្អែក​លើ​កូរ៉េ​ខាងត្បូង ក្នុង​វិស័យ​ទេសចរណ៍

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើរឿងដ៏កម្រមួយ ដោយរិះគន់លើគោលន យោបាយឪពុក របស់លោកដែលពឹងផ្អែកលើកូរ៉េខាងត្បូង ក្នុងការអភិវឌ្ឍតំបន់រមណីយដ្ឋានភ្នំ Kumgang ស្ថិតនៅឆ្នេរភាគខាងកើត នៃប្រទេស។ នេះបើតាម KCNA ដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩។

ភ្នំ Kumgang គឺជាតំបន់រម្មណីយដ្ឋានទេសចរណ៍មួយ អភិវឌ្ឍរួមគ្នាដោយកូរ៉េខាងត្បូង និងកូរ៉េខាងជើង។ ប៉ុន្តែបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានរិះគន់លើគោលនយោបាយនេះ ដែលបង្កើតឡើង ដោយអតីតមេដឹកនាំកូរ៉េខាងជើង នោះគឺឪពុករបស់លោក ត្បិតការពឹងផ្អែកលើអ្នកដទៃ ឬប្រទេសណាមួយ ខណៈខ្លួន ឯងមិនទាន់រឹងមាំគ្រប់គ្រាន់ គឺជាកំហុសឆ្គងមួយដ៏ធំ។ លើសពីនេះទៅទៀត ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ ភ្នំ Kumgang លោក គីម ក៏បានបង្គាប់ឲ្យក្រុមមន្ត្រីរបស់លោក រុះរើហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលសាងសង់ឡើង ដោយកូរ៉េខាងត្បូងផងដែរ ដោយជំនួសវិញនូវរចនាសម្ព័ន្ធ តាមបែបទំនើបកូរ៉េខាងជើង។

គួរបញ្ជាក់ថា តំបន់រមណីយដ្ឋានភ្នំ Kumgang ត្រូវបានដាក់ឲ្យដំណើរការនៅឆ្នាំ១៩៩៨ ហើយនេះ គឺជារឿងកម្របំផុត ដែលលោក គីម រិះគន់គោលនយោបាយឪពុករបស់លោក គឺលោក គីម ជុងអ៊ីល ដ្បិតនៅកូរ៉េខាងជើង រាល់ការសម្រេចចិត្តរបស់មេដឹកនាំ គឺជារឿងត្រឹមត្រូវ មិនអាចប្រកែកបាន៕

You might also like More from author