ថៃ៖ ចុងចោទ​ដក​កាំភ្លើងបាញ់​សម្លាប់​ដើមចោទ​និង​មេធាវី ក្នុង​បន្ទប់​សវនាការ​នៅ​ខេត្តចន្ទបុរី

(បាងកក)៖ ចុងចោទម្នាក់ដែលជាអតីតមន្រ្តីប៉ូលិស បានបាញ់សម្លាប់បុគ្គលជាដើមចោទព្រមទាំងមេធាវីរបស់បុគ្គលម្នាក់នោះ ក្នុងបន្ទប់សវនាការ នៅខេត្តចន្ទបុរីភាគអាគ្នេយ៍ប្រទេសថៃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅរសៀលថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីព្រឹកថ្ងៃអង្គារសប្តាហ៍នេះ នៅពេលចុងចោទឈ្មោះ Thanin Chantratip អាយុ៦៧ឆ្នាំ បានឈ្លោះ ប្រកែកគ្នានៅក្នុងបន្ទប់សវនាការ ពាក់ព័ន្ធនឹងសំណុំរឿងបញ្ហាដីធ្លា ដែលអូសបន្លាយយូរឆ្នាំមកហើយ ជាមួយដើមចោទឈ្មោះ Bancha Porameesanaporn អាយុ៦១ឆ្នាំ។ កំឡុងពេលនោះ លោក Thanin បានដកកាំភ្លើងបាញ់លើលោក Bancha និងគ្នីគ្នា។ ភ្លាមៗលោក Thanin ក៏ត្រូវបានមន្រ្តីប៉ូលិសដែលកំពុងប្រចាំការបាញ់សម្លាប់។ ចំណែកឯ លោក Bancha និងមេធាវីលោកឈ្មោះ Wijai Sukharom អាយុ៥១ឆ្នាំ ដែលត្រូវគេអះអាងថា ធ្លាប់ជាមេធាវីរបស់អតីតនាយករដ្ឋមន្រ្តីថៃគឺ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នោះ បានបាត់បង់ជីវិតនៅឯមន្ទីរពេទ្យ ខណៈមនុស្សពីរនាក់ទៀតក៏បានរងរបួសផងដែរ។

គួរជម្រាបថា ប៉ុន្មានខែចុងក្រោយនេះ ករណីបាញ់ប្រហារជាច្រើនបានកើតមានឡើង ក្នុងបន្ទប់សវនាការនៃតុលាការនៅប្រទេសថៃ។ កាលពីសប្តាហ៍មុន ជនសង្ស័យគ្រឿងញៀន៣នាក់ ក្នុងនោះមានជនជាតិអាមេរិកម្នាក់ បានរត់គេចខ្លួនចេញពីតុលាការនៅក្រុង Pattaya ប្រទេសថៃ ដោយប្រើកាំភ្លើងនិងកាំបិត មុនពេលត្រូវចាប់ខ្លួនបានមកវិញដោយប៉ូលិសថៃ។ រីឯកាលពីខែតុលាកន្លងទៅនេះ ចៅក្រមថៃម្នាក់ បានទាញកាំភ្លើងបាញ់ចំដើមទ្រូងខ្លួនឯងតែមិនស្លាប់ បន្ទាប់ពីបានសម្រេចលើកលែងទោសឲ្យជនសង្ស័យប៉ុន្មាននាក់ ហើយថ្កោលទោសប្រព័ន្ធយុត្តិធម៌នៅ ប្រទេសថៃ៕

You might also like More from author