បណ្ដាញ​សង្គម​យក្ស «Facebook» កម្ចាត់​គណនី​ក្លែងក្លាយ ប្រមាណ៥.៤ពាន់លាន និង​ប្រើប្រាស់ AI ខ្លាំង​ជាង​មុន ដើម្បី​បង្ក្រាប​ព័ត៌មាន​ក្លែងក្លាយ

(អាមេរិក)៖ បណ្តាញទំនាក់ទំនងសង្គមធំបំផុត ក្នុងលោក Facebook បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា គណនីក្លែងក្លាយ (Fake Account) ប្រមាណ ៥.៤ពាន់លានគណនីហើយ ត្រូវបានកម្ចាត់ចោល គិតត្រឹមឆ្នាំ ២០១៩ ខណៈក្រុមហ៊ុនដែលមានមូលដ្ឋានក្នុងរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិកមួយនេះ កំពុងចាប់ផ្តើម ប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលប្រសើរជាងមុន ដើម្បីតាមប្រមាញ់ព័ត៌មានមិនពិត និងគណនីក្លែងក្លាយ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

ដោយសារតែមានការកើនឡើង នៃការព្យាយាមបង្កើតគណនីក្លែងក្លាយ ជាច្រើននោះ Facebook បានអះអាងថា ខ្លួនបានបង្កើនកិច្ចការពារ និងធ្វើការបិទចោលនូវគណនីទាំងនោះភ្លាមៗ បន្ទាប់ពីទើបបង្កើតបានតែប៉ុន្មាន នាទីប៉ុណ្ណោះ ដែលនេះគឺជាយុទ្ធនាការ និងជាការបង្កើនសមត្ថភាពបន្ថែម ដើម្បីតាមប្រមាញ់គណនីក្លែងក្លាយ។ សេចក្តីថ្លែងការណ៍មួយ ចេញដោយ Facebook បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានបង្កើនសមត្ថភាព នៅក្នុងការបិទគណនីដែលត្រូវបានបង្កើតឡើង ដោយក្លែងបន្លំ ឬគណនីមិនសមរម្យផ្សេងៗ…»

គួរបញ្ជាក់ថា គិតត្រឹមត្រីមាសទី ៣ នៃឆ្នាំ២០១៩ ក្រុមហ៊ុនបណ្តាញសង្គម Facebook ជឿជាក់ថា មានគណនី ក្លែងក្លាយយ៉ាងហោចណាស់ចំនួន ៥% កំពុងសម្ងំនៅក្នុងគណនីសរុបទាំងអស់ នៅទូទាំងពិភពលោករបស់ Facebook។ តួលេខចុងក្រោយពី Facebook បានឲ្យដឹងទៀតថា បច្ចុប្បន្នគណនីអ្នកប្រើប្រាស់សកម្មប្រចាំខែ របស់ខ្លួន មានចំនួន ២.៤១ពាន់លាននាក់។ ការកម្ចាត់គណនីក្លែងក្លាយ និងព័ត៌មានមិនពិត គឺបាននិងកំពុង ប្រព្រឹត្តទៅយ៉ាងសកម្ម ក្រោយពីក្រុមហ៊ុននេះ ទទួលរងសម្ពាធកាន់តែធ្ងន់ពីរដ្ឋាភិបាលអាមេរិក ឲ្យចាត់ការរឿងនេះ ខណៈការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ជិតនឹងមកដល់ទៅហើយ៕

You might also like More from author