ការបាញ់​ផ្លោង​ដាក់គ្នា រវាង​អ៊ីស្រាអែល និងហ្គាហ្សា ផ្តាច់​ជីវិត​មនុស្ស ២៣នាក់ និង​របួស​ជាង​៧០​នាក់​

(ហ្គាហ្សា)៖ ការផ្ទុះជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់-ប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ ហ្គាហ្សាស្ទ្រីព (Gaza Strip) តាំងតែពីថ្ងៃអង្គារសប្តាហ៍នេះ បានផ្តាច់ជីវិតមនុស្សកើនដល់ ២៣នាក់ហើយ និងប្រមាណជាង ៧០នាក់ទៀត រងរបួសតែខាងភាគីហ្គាហ្សាមួយប៉ុណ្ណោះ គិតត្រឹមយប់ថ្ងៃពុធ ដែលជាថ្ងៃទី២នៃជម្លោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្រសួងសុខាភិបាលហ្គាហ្សាបានថ្លែងប្រាប់ ទៅកាន់ក្រុមអ្នកសារព័ត៌មាននានាថា ការផ្លោងគ្រាប់ជាបន្តបន្ទាប់ ដោយអ៊ីស្រាអែលមកលើទីក្រុងមួយនេះ បានបណ្តាលឲ្យមនុស្សក្មេងចាស់ប្រុសស្រី បាត់បង់ជីវិតជាបន្តបន្ទាប់ គិតចាប់តាំងពីថ្ងៃអង្គារមកម្ល៉េះ។ ដោយឡែកមនុស្សរងរបួសធ្ងន់ និងស្រាលជាង ៧០នាក់កំពុងតែទទួលការ សង្គ្រោះបន្ទាន់ ខណៈស្ថានការណ៍គឺមិនទាន់មានភាពស្ងប់ស្ងាត់ឡើយ គិតត្រឹមយប់ថ្ងៃពុធ។

គួរបញ្ជាក់ថា ជម្លោះរវាងក្រុមហាម៉ាស់-ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា និងប្រទេសអ៊ីស្រាអែល បានអូសបន្លាយ បីថ្ងៃមកហើយ បន្ទាប់ពីប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស របស់អ៊ីស្រាអែលបានផ្តាច់ជីវិត មេបញ្ជាការជាន់ ខ្ពស់ម្នាក់របស់ក្រុម Hamas ឈ្មោះ បាហា អាប៊ូ អាល់អាតថា (Baha Abu Al-Atta) នៅតំបន់ Gaza Strip។ ប្រការនេះបានបណ្តាលឲ្យ មានការវាយប្រហារសងសឹក ដោយគ្រាប់រ៉ុក្កែតពីសំណាក់ក្រុម Hamas៕

You might also like More from author