ក្រុមបាតុករ​ហុងកុង ប្រើប្រាស់​ព្រួញភ្លើង បាញ់​ទៅលើកង​កម្លាំង​ប៉ូលិស ​

(ហុងកុង)៖ បាតុករហុងកុងនៅតែបន្តការតវ៉ារបស់ពួកគេ នៅក្នុងថ្ងៃព្រហស្បតិ៍នេះ ខណៈភាពក្តៅគគុកកាន់តែ កើនឡើង ក្រោយបាតុករមួយចំនួនបានប្រើប្រាស់ព្រួញភ្លើង បាញ់សំដៅទៅលើកងកម្លាំងប៉ូលិស ដែលព្យាយាម ហាមឃាត់ពួកគេមិនឲ្យតវ៉ា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅថ្ងៃព្រហស្បតិ៍នេះ សាលារៀនទាំងអស់ ត្រូវបានបិទទ្វារតាមការបង្គាប់របស់ការិយាល័យអប់រំ នៃទីក្រុង ហុងកុងកាលពីថ្ងៃពុធម្សិលមិញ។ បន្ថែមពីនេះហាងលក់ទំនិញ និងស្ថាប័នឯកជនមួយចំនួន ក៏នៅបន្តបិទទ្វារ ផងដែរ ខណៈបាតុកម្មបាននិងកំពុងកើតមានឡើង កាន់តែក្តៅគគុក ហើយបាតុករមួយចំនួនក៏ឈានទៅបំផ្លិច បំផ្លាញទ្រព្យសម្បត្តិឯកជន និងសាធារណៈកាន់តែច្រើនផងដែរ។

បើគិតមកដល់ថ្ងៃព្រហស្បតិ៍នេះ បាតុកម្មនៅទីក្រុងហុងកុងគឺមានរយៈពេល ៦ខែគត់ហើយ។ បាតុកម្មនៃក្រុម និស្សិតដែលស្លៀកឈុតខ្មៅ និងពាក់ម៉ាស់បំពានបំរាមនៅតែបន្ត ព្រមទាំងវិវឌ្ឍន៍កាន់តែក្តៅគគុកជាងមុន ក្រោយពីការស្លាប់របស់និស្សិតជាបាតុករម្នាក់ ដោយសារធ្លាក់ពីលើអគារកាលពីសប្តាហ៍មុន និងប្រើកាំភ្លើង បាញ់បាតុករស្តែងៗ ពីសំណាក់កងកម្លាំងប៉ូលិស។ ប៉ូលិសហុងកុងក៏បានចេញមុខបកស្រាយផងដែរថា ការបាញ់បាតុករនោះគឺជាសិទ្ធិស្វ័យការពារ ព្រោះតែបាតុកររូបនោះ បានស្ទុះមកប៉ុនប៉ងដណ្តើមយកកាំភ្លើង ពីដៃប៉ូលិស៕

You might also like More from author